(ក្រចះ)៖ លោក សរ ចំរុង អភិបាលខេត្តក្រចេះ និងលោក ទ្រី សុភ័ក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នេះបានប្រារព្ធពិធីបុណ្យរុក្ខទិវា ឆ្នាំ២០១៦ នៅបរិវេណសាកលវិទ្យាល័យក្រចេះ ភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ស្ដីពីបព្ហាព្រៃឈើ។
ក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខទិវា លោកអភិបាលខេត្តបានថ្លែងថា «កន្លងមកក៏ដូចជាបច្ចុប្បន្ននេះ ខេត្តក្រចេះ បានជួបប្រទះ និងបញ្ហាប្រឈមជាច្រើនក្នុងបញ្ហាព្រៃឈើ ពិសេសបញ្ហាកាប់រាន ដុត ឈូសឆាយដីព្រៃឈើ ពីសំណាក់ជនខិលខូចដែលមានអំណាច មានទឹកប្រាក់ ដើម្បីវាតយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយយកប្រជាពលរដ្ឋធ្វើជាខែលតតាំងជាមួយអាជ្ញាធរ និងតាមរយៈការជួលផ្ទាល់ ឬទិញបន្ត ក្នុងតម្លៃថោក»។
ចំណែកឯលោក ទ្រី សុភ័ក្រ បានឲ្យដឹងថា «សម្រាប់ឆ្នាំ២០១៦នេះ ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ បានជ្រើសរើសកំណត់យកទីតាំងប្រារព្ធពិធីបុណ្យរុក្ខទិវាថ្នាក់ខេត្ត នៅបរិវេណសាកលវិទ្យាល័យក្រចេះ ក្រុងក្រចេះ ហើយប្រភេទឈើដែលយកមកដាំនៅពេលនោះ ជាប្រភេទឈើ គគី ឈើទាល បេង ធ្នង់ និងឈើហូបផ្លែជាច្រើនទៀត»។
លោក បានបន្តថា «ការប្រារព្ធធ្វើពិធីបុណ្យរុក្ខទិវានាពេលនោះ គឺក្នុងគោលបំណង់ ដើម្បីស្ដារ និងដាំឡើងវិញនូវ ប្រភេទឈើមានរយៈពេលវែង ដើម្បីធ្វើឲ្យប្រសើរឡើង សោភណ្ឌ័ភាព ទេសភាព ធម្មជាតិ បរិស្ថាន និងចូលរួមចំណែកកាត់បន្ថយ ការឡើងកម្ដៅនៅក្នុងពិភពផែនដី និងបម្រែបម្រួលអាកាសធាតុ»។
សូមបព្ជាក់ផងដែលថានៅខេត្តក្រចេះ រុក្ខទិវាត្រូវបានប្រារព្ធធ្វើជា លើកដំបូងនៅឆ្នាំ ១៩៩២ ហើយបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ រហូតមកដល់ឆ្នាំនេះ ហើយដាំបានសរុប ១១៦,១៣១ដើម និងបាន ដាំនៅតាមវត្តអារាម តាមសាលារៀន និងនៅតាមទីសាធារណៈ មួយចំនួនទៀត។ លទ្ធផលខាងលើនេះ បានមកដោយការខិតខំប្រឹងប្រែងចូលរួមទាំង កម្លាំងកាយ និងចិត្តរបស់បងប្អូន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងដោយមានការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រពីអាជ្ញាធររដ្ឋអំណាចគ្រប់ថ្នាក់ ៕