(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន បានថ្លែងប្រាប់ រដ្ឋមន្ត្រីការបរទេសសហដ្ឋអាមេរិក លោក John Kerry ថា សហរដ្ឋអាមេរិកគួរតែនៅឲ្យស្ងៀម និងកុំធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងសន្ដិសុខរបស់ប្រទេសចិន ទាក់ទិននឹងរឿងសមុទ្រចិនខាងត្បូង មុនពេលតុលាការអន្តរជាតិចេញសេចក្ដីសម្រេចលើជម្លោះផ្លូវទឹក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០៧ ខែកក្ដដា។
លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានថ្លែងប្រាប់លោក John Kerry តាមរយៈទូរស័ព្ទថា អាមេរិកគួរតែបញ្ឈប់នូវសកម្មភាពនៃការជ្រាតជ្រែងរបស់ខ្លួននៅក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង ព្រោះវាអាចនាំឲ្យមានបាតុភាពមិនល្អណាមួយកើតមានឡើងរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានបញ្ជាក់បន្ថែមទៀតថា នៅថ្ងៃទី១២ ខែកក្កដាខាងមុខនេះ តុលាការអន្តរជាតិនឹងសម្រេចក្ដីពាក់ព័ន្ធនឹងជម្លោះរវាងចិន និងហ្វីលីពីន ក្នុងសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ផងដែរថា នៅសប្ដាហ៍នេះផងដែរ ចិនបានធ្វើសមយុទ្ធយោធានៅក្បែរកោះ Paracel ជិតតំបន់មានជម្លោះក្នុងសមុទ្រចិនខាងត្បូង ចំណែកនាវាចម្បាំងអាមេរិក បានបើកល្បាតក្បែរៗនោះ៕