(ភ្នំពេញ)៖ លោក ជោតិ សេរី ( CHOUT SEREY) ជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ហើយធ្លាប់ជាប់ពន្ធធនាគារ៣សប្តាហ៍ នៅខេត្តឧត្តរមានជ័យ រួចរត់ទៅប្រទេសថៃ ហើយត្រូវ UN ធានាទៅរស់នៅប្រទេសកាណាដានោះ ពេលនេះប្រកាសឈប់គាំទ្រគណបក្សភ្លើងទៀនទៀតហើយ ព្រមទាំងប្រកាសទម្លាក់ស្លាកគណបក្សនេះចោលផងដែរ ដោយសារតែអស់ជំនឿ។

លោក ជោតិ សេរី កាលពីនៅប្រទេសថៃ បានចូលរួមយ៉ាងសកម្មជាមួយក្រុមប្រឆាំង រួមទាំង Live វីដេអូ វាយប្រហាររដ្ឋាភិបាលច្រើនលើកច្រើនសារ។ ក្រោយពីបានរស់នៅប្រទេសកាណាដា លោកនៅបន្តជួយជាថវិកាដល់បក្សភ្លើងទៀនថែមទៀត។

លោក និងក្រុមគ្រួសារ មានដីមួយកន្លែងនៅខេត្តឧត្តរមានជ័យ បានឱ្យគណបក្សភ្លើងទៀនខ្ចីទីតាំងដីនោះ លើកស្លាកបក្ស ដែលស្លាកនោះក៏ជាឧបត្ថម្ភរបស់បុគ្គលខាងលើនោះដែរ តែបច្ចុប្បន្នដោយលោកបានអស់ជំនឿចិត្ត និងបានប្រកាសឈប់គាំទ្រលុយកាក់ទៅគណបក្សភ្លើងទៀនបន្តទៀតហើយ។ រូបគាត់ក៏បានប្រាប់ក្រុមគ្រួសារដែលកំពុងរស់នៅលើដីនោះពីបំណងចង់ដោះស្លាកបក្សភ្លើងទៀននោះចេញផងដែរ៕