(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «អគារតេជោសែន វិទ្យាសាស្ត្រ និងបច្ចេកទេសជាន់ខ្ពស់» និង «ពិធីប្រគល់សញ្ញាបត្រជូននិស្សិត» នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរនិស្សិតជ័យលាភីទាំង ២,៨៩៥ អង្គ/នាក់ ដែលបានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រដោយជោគជ័យ។

លោកបញ្ជាក់ថា ជំនាញ និងសញ្ញាបត្រ ជាមូលដ្ឋាននៃធនធានចំណេះដឹងដែលនិស្សិតទទួលបាននេះ គឺជាសមិទ្ធផលដែលកើតចេញពីកម្លាំងសាមគ្គីភាព រវាងនិស្សិតផ្ទាល់ តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ, រួមជាមួយមាតាបិតា និងអាណាព្យាបាល ដែលបានខិតខំពុះពារគ្រប់ឧបសគ្គក្នុងការផ្គត់ផ្គង់ទំនុកបម្រុង ព្រមទាំងថ្នាក់ដឹកនាំក្រសួង, វិទ្យាស្ថាន, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និង បុគ្គលិកទាំងអស់ ដែលបានជួយតម្រង់ទិស, គាំទ្រ, បង្ហាត់បង្រៀន និង ចែករំលែកនូវចំណេះដឹង, បទពិសោធន៍ និង ជំនាញល្អៗដល់និស្សិតជ័យលាភី។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះការជួយជ្រោមជ្រែង ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និង ការពង្រីកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងធនធានមនុស្សកម្ពុជា ឲ្យកាន់តែប្រសើរទ្បើងថែមទៀត។

បន្ថែមពីនេះ លោកបានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឲ្យប្រើប្រាសជាផ្លូវការនូវ «អគារតេជោសែន វិទ្យាសាស្ត្រ និងបច្ចេកទេសជាន់ខ្ពស់», ដែលជាអគារប្រកបដោយផាសុកភាព, បំពាក់ដោយបរិក្ខារសិក្សាទំនើបទាន់សម័យ និងស្របតាមស្ដង់ដារ សម្រាប់ជាជំនួយដ៏សំខាន់ដល់ការសិក្សា និងអនុវត្តជាក់ស្ដែងរបស់សិស្ស-និស្សិត ជាមួយក្តីសង្ឃឹមយ៉ាងមុតមាំថា វិទ្យាស្ថានបានត្រៀមខ្លួនរួចស្រេច ដើម្បីក្លាយជាគ្រឹះស្ថានដ៏ឈានមុខមួយ ព្រមទាំងជួយជំរុញឲ្យវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា កាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ ទៀតផង។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងបរិបទនៃសាកលភាវូបនីយកម្ម, ដើម្បីកម្ពុជាអាចរក្សាបាននូវភាពម្ចាស់ការ និងការប្រកួតប្រជែងលើទីផ្សាអន្តរជាតិ យើងទាមទារចាំបាច់នូវការធ្វើទំនើបនីយកម្មលើគ្រប់វិស័យ ក្នុងនេះ វិស័យអប់រំ និងបណ្តុះបណ្តាល ជាវិស័យអាទិភាពចម្បង ដើម្បីធានាបាននូវការផលិតមូលធនមនុស្សកម្ពុជាដែលប្រកបដោយសមត្ថភាព, ចំណេះដឹង និងក្រមសីសធម៌ខ្ពស់។

ក្នុងន័យនេះ ការធ្វើទំនើបនីយកម្មលើវិស័យអប់រំ និងបណ្តុះបណ្តាល ទាំងលើជំនាញរឹង និងជំនាញទន់ ត្រូវបោះជំហានពីសាលារៀនដែលជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ ហើយត្រូវផ្តោតចម្បងលើកម្មវិធីសិក្សា, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និងឧបករណ៍ សម្ភារនានា។ លើសពីនេះ, ក៏ត្រូវផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីធានានូវទំនើបនីយកម្ម និងភាពសម្បូណ៌បែប សំដៅលើកកម្ពស់នូវនវានុវត្តន៍លើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកជាទស្សនផ្ទាល់ខ្លួនថា ចំពោះវិស័យការងារ និងជំនាញវិជ្ជាជីវៈ គឺរដ្ឋាភិបាលមានភារកិច្ចក្នុងការពង្រីកឱកាសការងារ ឲ្យបានច្រើនលើគ្រប់វិស័យតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយផ្តល់ជូនពលរដ្ឋគ្រប់រូបនូវសិទ្ធិស្របច្បាប់ និងឱកាសក្នុងការជ្រើសរើសជំនាញ និងមុខវិជ្ជារៀនសូត្រទាំងក្នុងសាលា និងផ្ទាល់ខ្លួន ព្រមទាំងធានាសិទ្ធិ ក្នុងការប្រកបរបរតាមចំណង់ចំណូលចិត្តរបស់ខ្លួន។

រីឯប្រជាពលរដ្ឋវិញ មានសិទ្ធិជ្រើសរើសនូវមុខវិជ្ជា និងជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត ដើម្បីធ្វើការរៀនសូត្រ ដោយពុំបារម្ភអំពីទីផ្សារការងារ ឬ អាចប្តូរជំនាញ ឲ្យស្របតាមតម្រូវការ នៃទីផ្សារការងារដែលមានស្រាប់ ឬខិតខំបង្កើតឱកាសទីផ្សារថ្មីសម្រាប់ជំនាញ និងផលិតផលដែលគាត់បង្កើតបាន។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នឹងបន្តបើកចំហសិទ្ធិក្នុងការប្រកបរបររបស់ប្រជាពលរដ្ឋ ព្រមជាមួយគ្នាធ្វើការប្រឹងប្រែងយកអស់គ្រប់លទ្ធភាព ក្នុងការបង្កើតឱកាសការងារបន្ថែមទៀត ជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ៕