(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធត្រូវជំរុញបន្ថែម លើការផលិតស្រូវពូជសុទ្ធផ្ការំដួលឱ្យគ្រប់គ្រាន់តាមតម្រូវការ ដើម្បីគាំទ្រខ្សែច្រវាក់ផលិតកម្មស្រូវឱ្យមានភាពល្អប្រសើរជាងមុន ដោយសម្តេចបានប្រកាសផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន១០០គ្រឿងដល់ក្រសួងកសិកម្ម សម្រាប់ជួយដល់ការងារផលិតពូជសុទ្ធនេះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញបិទសន្និបាត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោបានមានប្រសាសន៍ថា ការផលិតពូជស្រូវសុទ្ធ គឺកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ជាចម្បង។ ហេតុនេះហើយ សម្តេចបានប្រកាសផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន១០០ គ្រឿង ដល់ក្រសួងកសិកម្ម សម្រាប់ចែកជូនសហគមន៍កសិកម្មដែលផលិតស្រូវពូជ ដើម្បីជំរុញការផលិតពូជឱ្យបានគ្រប់គ្រាន់។
សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «កត្តាពូជនេះវាសំខាន់ អ៊ីចឹងត្រូវជំរុញអាហ្នឹង ដើម្បីធ្វើយ៉ាងម៉េចឱ្យពូជរបស់យើងបើកទូលាយ ឱ្យប្រជាពលរដ្ឋរបស់យើងអាចដាំដុះ ហើយពូជនេះគឺជាពូជដែល វាមិនមែនគ្រាន់តែជាតម្រូវការក្នុងស្រុកទេ តែនៅក្រៅស្រុកក៏មានតម្រូវការ ដែលយើងត្រូវបន្តនៅក្នុងដំណើរនេះ»។
សូមជម្រាបផងដែរថា នាពេលកន្លងមក ក្រសួងកសិកម្ម និងវិស័យឯកជន បានរៀបចំផែនការ ដើម្បីផលិតពូជស្រូវសុទ្ធ ដែលមានគុណភាព និងមានតម្រូវការលើទីផ្សារ សម្រាប់ផ្គត់ផ្គង់កសិករទូទាំងប្រទេស ដើម្បីជួយដល់ប្រជាកសិករឱ្យទទួលបានទិន្នផលស្រូវប្រសើរជាងមុន ទាំងគុណភាព និងបរិមាណ ព្រមទាំងទទួលបានប្រាក់ចំណេញខ្ពស់ ខណៈបញ្ហាកង្វះគ្រាប់ពូជសុទ្ធនេះ បានធ្វើឱ្យប៉ះពាល់ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិផងដែរ ដោយសារការផ្គត់ផ្គង់របស់កសិករ មករោងម៉ាស៊ីនកិនស្រូវ សម្រាប់កែច្នៃនាំចេញ មានបញ្ហាប្រឈម ជាពិសេសអង្ករសែនក្រអូប និងផ្ការំដួល។
បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម ធ្លាប់បានឱ្យដឹងថា តាមការសិក្សា ការប្រើប្រាស់ពូជស្រូវដែលសុទ្ធល្អ និងមានគុណភាព ផ្តល់ទិន្នផលចំណេញពី១៥%ទៅ២០% លើសពូជស្រូវធម្មតា៕