(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាមិនឲ្យមានការដោះដូរទីតាំងដីរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ជាដាច់ខាត ព្រោះវិទ្យាស្ថាននេះ សម្ដេចជាអ្នកបង្កើតដោយផ្ទាល់ ហើយប្រៀបកូនបង្កើតរបស់សម្ដេចអញ្ចឹងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កន្លងទៅសម្ដេចធ្លាប់ទទួលបានសំណើពីវិស័យឯកជន ប្រមាណ២០ក្រុមហ៊ុន ដែលស្នើដើម្បីសុំផ្លាស់ប្ដូរទីតាំងដីរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) យកទៅអភិវឌ្ឍន៍ ប៉ុន្ដែសំណើទាំងអស់នោះត្រូវបានច្រានចោល ដូច្នេះហើយសម្ដេចបានផ្ដាំជាសាធារណៈទៅវិស័យឯកជនទាំងឡាយ សូមបញ្ឈប់ការលើសំណើបន្ដទៀត។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រឿង CARDI សូមកុំអ្នកណាមកលូកដៃខ្ញុំសូមបញ្ជាក់ជាសាធារណៈ ព្រោះកន្លងទៅមានប្រហែលជា២០ក្រុមហ៊ុន បានលើកសំណើសុំយកកាឌីទៅអភិវឌ្ឍន៍ ហើយគេសុំប្រគល់ដីនៅកន្លែងនេះ កន្លែងនោះមកវិញ។ កាឌីជាកូនបង្កើតរបស់ខ្ញុំដែលខ្ញុំបង្កើតវា ព្រោះខ្ញុំស្ថិតក្នុងហេតុការណ៍ទាំងអស់ ខ្ញុំទៅធ្វើសហប្រតិបត្តិការជាមួយអូស្ដ្រាលី។ ផ្ដាំផ្ញើទៅវិស័យឯកជននានា សូមកុំបន្ដជាមួយនឹងការលើកសំណើយកដីកាឌី អត់ទេ ខ្ញុំសូមផ្ដាំរដ្ឋមន្ដ្រីក្រោយៗ ឬនាយករដ្ឋមន្ដ្រីក្រោយ បើខ្ញុំស្លាប់ទៅហើយក៏តាមកាច់យកដែរ»។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, មិនមានអ្វីទាស់ខុសនោះឡើយ ដោយគ្រាន់តែទុកទីតាំងវិទ្យាស្ថានមួយនេះនៅកន្លែងដើម តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីទុកជាកេរ្ដិ៍មរតកដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយ គ្រាដែលវិទ្យាស្ថានមួយនេះបង្កើតបាននូវពូជស្រូវល្អៗ សម្រាប់កសិករកម្ពុជា។
សូមរំលឹកថា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ត្រូវបានបង្កើតឡើងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ១៩៩៩ ហើយត្រូវសម្ពោធជាផ្លូវការ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០០ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកអគ្គរាជទូត នៃប្រទេសអូស្ដ្រាលី។
វិទ្យាស្ថាននេះ បង្កើតឡើងក្នុងគោលបំណងលើកស្ទូយកម្រិតជីវភាពរបស់ប្រជាកសិករកម្ពុជា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាសមស្របដើម្បីបង្កើនផលិតភាពកសិកម្ម ក្រោមទស្សនទាន «បច្ចេកវិទ្យាដើម្បីវិបុលភាពសង្គម»។
ពូជស្រូវមួយចំនួន ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) មានដូចជា ពូជស្រូវជលសារ, ពូជស្រូវអ៉ីអ៊ែរ៦៦, ពូជស្រូវសែនពិដោរ, ពូជស្រូវផ្ការំដួល, ពូជស្រូវផ្ការំដេង, ពូជស្រូវផ្ការមៀត, ពូជស្រូវផ្កាច័ន្ទសែនសរ, ពូជស្រូវរាំងជ័យ, ពូជស្រូវខា៤ និងពូជស្រូវខា៦ជាដើម៕