(ភ្នំពេញ)៖ រសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូក​សរុប​​​ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសន្និបាតបូកសរុប​ការ​ងារ​ឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ​២០២៣។ សន្និបាតដែលធ្វើឡើងរយៈពេល៤ថ្ងៃនេះ មានការអញ្ជើញ​ចូល​រួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៥រាជធានី-ខេត្ត វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍ និងកសិករផងដែរ។

នៅក្នុងឱកាសបិទសន្និបាត សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្ម បានជួយបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច បញ្ចៀសវិបត្តិស្បៀងអាហារ និងអតិផរណាតម្លៃស្បៀង បណ្តាលមកពីវិបត្តិកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាដែលពិភពលោកជួបវិបត្តិស្បៀង តែកម្ពុជាបានសល់ស្រូវរហូតដល់ទៅជាង ៦លានតោន។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការកោតសរសើរចំពោះរបកគំហើញពូជស្រូវ «ចំប៉ីស៧០» និង «កង្រី»។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទសវត្សរ៍៨០ ជាការចាប់ផ្តើមយុទ្ធនាការ​ប្តូរ​ពូជស្រូវ សូម្បីតែឪពុករបស់សម្តេចក៏ជំទាស់ដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនោះ សម្តេចចង់ប្តូរពីពូជស្រូវធ្ងន់ ទៅជាពូជស្រូវស្រាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសមួយ ដែលបានធ្វើការអភិវឌ្ឍពូជស្រូវឈានមុខមួយលើពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តចក្ខុវិស័យអភិវឌ្ឍន៍ពូជ និងដោះស្រាយប្រភពទឹក ដើម្បីឱ្យការធ្វើស្រែទទួលបានផលកាន់តែច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីពិភពលោកប្រែប្រួលកម្រិតណាក៏ដោយ ក៏កម្ពុជាមិនខ្វះស្បៀងនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលដែលពិភពលោកជួបវិបត្តិស្បៀងអាហារ កម្ពុជាមិនត្រឹមតែធានាបាននូវសន្តិសុខស្បៀងរបស់ខ្លួនពេញលេញ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអតិរេកសម្រាប់នាំចេញ ជាផលិតផល កសិកម្មបានជាង៨លានតោន ទៅកាន់គោលដៅ៧៤ប្រទេស ទៀតផង។ ក្រៅពីបញ្ហាសកល កម្ពុជាក៏ទទួលរងនូវគ្រោះទឹកជំនន់ ប៉ុន្តែគ្រួសារប្រជាជនរងគ្រោះបានទទួលគ្រាប់ពូជស្រូវ និងបន្លែពីប្រព័ន្ធស្បៀងបម្រុងកម្ពុជាសរុបជាង ៧ ៧០០ តោន ដើម្បីស្តារជីវភាពឡើងវិញ ។

* សម្តេចតេជោ ហ៊ុន សែន ហាមមិនឱ្យមានការលូកដៃ ចូលការងារវិទ្យាស្ថានអភិវឌ្ឍន៍កសិកម្ម (កាឌី)។ សម្តេចតេជោ ហ៊ុន សែន ហាមមិនឱ្យមានការដោះដូរយកដីវិទ្យាស្ថានអភិវឌ្ឍន៍កសិកម្មកាឌី។

* ចំពោះការផលិតពូជស្រូវ សម្តេចតេជោ ហ៊ុន សែន សូមណែនាំឱ្យជំរុញបន្ថែមការផលិតស្រូវពូជសុទ្ធ ផ្ការំដួលឱ្យគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។ សម្រាប់ការងារនេះ សម្តេចសូមផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន ១០០ គ្រឿង ដល់ក្រសួងកសិកម្ម ដើម្បីចែកជូនសហគមន៍កសិកម្មដែលផលិតស្រូវពូជ ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិនជួយទិញអង្ករកម្ពុជានាពេលកន្លងទៅ គឺជានយោបាយជួយកម្ពុជា តែចិនសល់អង្កររាប់លានតោន។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ត្រូវរៀបចំឱ្យបានម៉ត់ចត់នូវផែនការជ្រើសរើស និង ចាត់បញ្ជូនមន្រ្តីកសិកម្មទៅតាមឃុំ-សង្កាត់នៅទូទាំងប្រទេសឱ្យបានឆាប់បំផុត បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ។ នេះគឺជាគោលនយោបាយដែលគណបក្សប្រជាជន បានអនុម័តសម្រាប់ទ្រទ្រង់បច្ចេកទេសកសិកម្មជូនប្រជាជននៅតាមជនបទ សម្រាប់អាណត្តិថ្មីក្រោយទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខ។ អ្នកបច្ចេកទេសកសិកម្ម នឹងក្លាយទៅជាជនបង្គោលនៅមូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយ បញ្ហាប្រឈមបានទាន់ពេលវេលាជូនកសិករ។

* សម្តេចតេជោ ហ៊ុន សែន ជំរុញការដាំដុះស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជស្វាយចន្ទីនាពេលអនាគត។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិ ទម្លាក់ទុនសម្រាប់គាំទ្រគោលនយោបាយស្វាយចន្ទី។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រដ្ឋនឹងទម្លាក់ថវិកា ១០០លានដុល្លារ សម្រាប់វិស័យស្រូវអង្ករ

* សម្តេចតេជោ ហ៊ុន សែន ណែនាំក្រុមហ៊ុនផលិតទឹកសុទ្ធ ពិនិត្យការផលិតកុំឱ្យបើកគំរបដោយទាំងទឹក។

* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យលោក រ័ត្ន សណ្តាប់ ស្រាវជ្រាវរឿងប្រវត្តិ «តេជោប៉ាអង្គ»។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជំរុញអភិវឌ្ឍន៍វារីវប្បកម្មឱ្យកាន់តែទូលាយ ដោយប្រើប្រាស់ពូជវារីជាតិ ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ច និងតម្រូវការទីផ្សារខ្ពស់ និងជួយពង្រឹងសមត្ថភាពវិស័យឯកជន លើស្តង់ដារគុណភាព និងសុវត្ថិភាព ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលសំដៅទៅរកការនាំចេញ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ត្រូវជំរុញឧស្សាហកម្មឈើដាំ សម្រួលការនាំចូលផលិតផលឈើ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និង ផ្តល់ជម្រើសមុខរបរផ្សេងៗដល់ប្រជាសហគមន៍ព្រៃឈើ ដើម្បី កាត់បន្ថយសម្ពាធលើធនធានព្រៃឈើ ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹងកិច្ចសហការឱ្យបានខ្លាំងក្លា ដើម្បីរួមគ្នាទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រៃឈើ និងការទន្ទ្រានដីព្រៃប្រកបដោយប្រសិទ្ធភាព

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមន្ត្រីទូតនៅបណ្តាប្រទេសនានា ក្លាយជាអ្នកផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យគិតគូរផ្តល់ថវិកាទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ នៅតាមតំបន់អភិរក្សផ្សោត ដែលត្រូវបាត់បង់ការនេសាទ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យពិនិត្យប្រែក្លាយដីស្រែមួយចំនួននៅកន្លែងចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ទៅជាដាំស្មៅឱ្យកសិកដ្ឋាន។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង៥៖០៥នាទីល្ងាច, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញព័ត៌មាន Fresh News៕