Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមមិត្តសិល្បៈស្ម័គ្រចិត្ដជួយសង្គម៖ របាយការណ៍ Global Witness ខុសស្រឡះពីស្ថានភាពពិតជាក់ស្តែង នៅកម្ពុជា

07-07-2016 15:53

(ភ្នំពេញ)៖ សមាគមមិត្តសិល្បៈស្ម័គ្រចិត្ដជួយសង្គម បានសង្កេតឃើញថា របាយការណ៍ Global Witness ខុសស្រឡះពីស្ថានភាពពិតជាក់ស្តែង នៅកម្ពុជា។ សមាគមមិត្តសិល្បៈស្ម័គ្រចិត្ដជួយសង្គម បានបញ្ជាក់ថា របាយការណ៍នេះផ្សព្វផ្សាយមិនពិត ដោយសារតែប្រទេសកម្ពុជា ពោរពេញដោយអគារខ្ពស់ៗជាច្រើន និងមណ្ឌល ពាណិជ្ជកម្មធំៗដទៃទៀត សុទ្ធតែជាការវិនិយោគរបស់វិនិយោគិន មកពីបរទេសសហការណ៍ជាមួយអ្នកជំនួញធំៗនៅក្នុងប្រទេស ដែលមិនពាក់ព័ន្ធ និងគ្រួសាររបស់ថ្នាក់ដឹកនាំ ដូចអង្គការខាងលើនេះ បានចោទប្រកាន់ឡើយ។ នេះបើយោងតាម Facebook Page ផ្លូវការរបស់ សមាគមមិត្តសិល្បៈស្ម័គ្រចិត្ដជួយសង្គមបង្ហោះឲ្យដឹងនៅមុននេះបន្តិច។

Facebook ផ្លូវការរបស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្ដជួយសង្គម បានបង្ហោះឲ្យដឹងថា «នាពេលថ្មីៗនេះ Global witness បានបង្ហាញនូវរបាយការណ៍ ដែលពាក់ព័ន្ធ និងក្រុមគ្រួសារថ្នាក់ដឹកនាំ នៃកម្ពុជា។ ក្នុងនាមជាស្ថាបន័អង្គការសង្គមស៊ីវិលមួយ សមាគមមិត្តសិល្បៈស្ម័គ្រចិត្ដជួយសង្គម បានសង្កេតឃើញថា វាជារបាយការណ៍ខុសពីស្ថានភាពពិតជាក់ស្តែងនៅកម្ពុជា ដោយអគារខ្ពស់ៗ ជាច្រើននិងមណ្ឌល ពាណិជ្ជកម្មធំៗដទៃទៀត សុទ្ធតែជាការវិនិយោគរបស់ វិនិយោគិនមកពីបរទេសសហការណ៍ ជាមួយអ្នកជំនួញធំៗនៅក្នុងប្រទេស ដែលមិនពាក់ព័ន្ធ និងគ្រួសាររបស់ថ្នាក់ដឹកនាំ ដូចអង្គការនេះបានចោទប្រកាន់ឡើយ។ មួយវិញទៀតប្រជាពលរដ្ឋទូទៅបានដឹងនឹងយល់យ៉ាងច្បាស់ថា របាយការណ៍នេះពិតជាខុសពីស្ថានភាព ជាក់ស្តែងរបស់កម្ពុជា»

សូមជំរាបថា អង្គការ Global Witness បានចេញផ្សាយរបាយការណ៍មួយឈ្មោះ «ការក្ដោបក្តាប់យក វិនិយោគនៅកម្ពុជា» ដោយចោទប្រកាន់ថា ក្រុមគ្រួសារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានក្រុមហ៊ុនធំៗនៅកម្ពុជា ជាង១០០ក្រុមហ៊ុន និង​ចោទប្រកាន់​សម្តេចថា បាន​បំពាន​លើ​តួនាទី​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ អនុញ្ញាត​ឲ្យក្រុមគ្រួសារមានការកាន់កាប់ ការវិនិយោគនៅកម្ពុជា។

ក្រោយការចេញរបាយការណ៍ខាងលើនេះ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ បងប្អូនបង្កើតរបស់ លោក ហ៊ុន ម៉ាណែត គឺលោកស្រី ហ៊ុន ម៉ាណា និងលោក ហ៊ុន ម៉ានិត ក៏បានសម្តែងការប្រតិកម្ម ទៅនឹងការចុះផ្សាយរបស់អង្គការ Global Witness ចំពេលដែលស្ថានភាពបក្សប្រឆាំងនៅកម្ពុជាកំពុងវឹកវនេះដែរ។ ពួកគេសុទ្ធតែចាត់ទុកថាជារបាយការណ៍ភូតកុហកមួយ ដើម្បីវាយប្រហារ លើ រាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារសម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះ៕