(បន្ទាយមានជ័យ)៖ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ខ្យល់កន្ត្រាក់បានវាយប្រហារផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតចំនួន១៩៩ខ្នង នៅស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ តែមិនមានមនុស្សណាម្នាក់រងរបួស និងស្លាប់ឡើយ។

ក្រោយពីកើតហេតុ នគរបាល អាវុធហត្ថ និងយោធា រួមជាមួយមន្ត្រីមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ និងជួយសង្រ្គោះបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋ។

លោក អែម សុខា អភិបាលស្រុកថ្មពួក បានប្រាប់ថា ស្រុកថ្មពួកមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ នាំឲ្យប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ១៩០ខ្នង និងសាលារៀន៥ខ្នង។

លោក លឿង សុភ័ក្រ អភិបាលស្រុកស្វាយចេក ក៏បានបញ្ជាក់ថា ស្រុកស្វាយចេកមានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ និងខូចខាតផ្ទះសំបែងប្រជាពលរដ្ឋចំនួន៩ខ្នង៕