(ភ្នំពេញ)៖ ក្រុមហ៊ុន SEOUL VIOSYS Co,Ltd តាមរយៈជាស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ផ្នែកពាណិជ្ជកម្ម បានផ្ដល់ជូននូវអំពូលចាប់មូសចំនួន៣០០គ្រឿង ដល់ក្រសួងសុខាភិបាល ដើម្បីបង្កើនភាពងាយស្រួល ក្នុងការកំចាត់មូស កុំឲ្យចម្លងមេរោគផ្សេងៗ និងចូលរួមចំណែកក្នុងការកាត់បន្ថយជំងឺគ្រុនឈាម នៅកម្ពុជាបានកាន់តែច្រើន ។
ពិធីប្រគល់ និងទទួលអំពូលចាប់មូសនេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងមានការចូលរួមពីអគ្គនាយក KOTRA Cambodai លោក Jon Mi Ho ,លោក Jong Man Kim អនុប្រធានក្រុមហ៊ុន SEOUL VIOSYS Co,Ltd និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា តាមរយៈ KOTRA ជាស្ថាប័នឯកជនមួយ ដែលតែងតែចូលរួមចំណែកយ៉ាងច្រើន ក្នុងការឧបត្ថម្ភដល់ក្រសួងសុខាភិបាលកន្លងមកនេះ ហើយនៅពេលនេះ តាមរយៈ KOTRA Cambodai ក៏បានដឹកនាំក្រុមហ៊ុន SEOUL VIOSYS Co,Ltd ផ្ដល់នូវអំពូលចាប់មូស ៣០០គ្រឿងដល់ក្រសួងថែមទៀត។
លោករដ្ឋមន្ដ្រីបន្ដថា «ការផ្ដល់នូវអំពូលចាប់មូសទាំងនេះ គឺបានចូលរួមចំណែកក្នុងការជួយកាត់បន្ថយ ភាពក្រីក្រដល់កម្ពុជាមួយកម្រិតផងដែរ ព្រោះថា បានជួយការពារកុមារជៀសផុត ពីជំងឺគ្រុនឈាម និងជំងឺផ្សេងៗទៀត ដោយមិនចំណាយថវិកា និងពេលវេលាដើម្បីព្យាបាលជំងឺផ្សេងៗ ដែលចម្លងពីមូស ហើយអំពូលនេះយើងនឹងយកចែកចាយ ដល់មន្ទីរពេទ្យបង្អែកនៅភ្នំពេញ និងតាមបណ្ដាខេត្ដចំនួន១០ ហើយក្រុមហ៊ុននេះក៏បានផ្ដល់ការបណ្ដុះបណ្ដាល២ថ្ងៃ សម្រាប់ខេត្ដចំនួន១០នេះ ដែលជាជំហានដំបូង ដើម្បីផ្ដល់ចំណេះដឹង ដល់មន្ដ្រីសុខាភិបាលរបស់យើង យកទៅប្រើប្រាស់នៅក្នុងមូលដ្ឋានសុខាភិបាលជាសាធារណៈ»។
លោករដ្ឋមន្ដ្រីក៏បានថ្លែងអំណរគុណដល់ KOTRA Cambodai និងក្រុមហ៊ុន SEOUL VIOSYS Co,Ltd ដែលបានជួយដល់ក្រសួងសុខាភិបាល និងប្រជាជនកម្ពុជា កន្លងមកនេះ ហើយលោករដ្ឋមន្ដ្រីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈចំណងមិត្ដភាពរវាងកម្ពុជា និងកូរ៉េ កាន់តែរលូននេះ យើងនឹងបន្ដរឹតចំណងមិត្ដភាព កាន់តែទូលំទូលាយបន្ថែមទៀត។
លោក Jong Man Kim បានថ្លែង «ក្រុមហ៊ុនយើងខ្ញុំ នឹងបន្ដគម្រោងជាច្រើនទៀត សម្រាប់ខេត្ដជាបន្ដបន្ទាប់ទៀតផងដែរ ដើម្បីបណ្ដុះបណ្ដាលនូវវគ្គផ្សេងៗជាច្រើនទៀត ហើយខ្ញុំពិតជាសប្បាយ ចិត្ដដែលចូលរួមចំណែក ក្នុងកាត់បន្ថយការចម្លងជំងឺគ្រុនឈាម និងជំងឺផ្សេងទៀតតាមរយៈមូសខ្លា និងមូសគ្រប់ប្រភេទទៀត»។
គួរបញ្ជាក់ថា តាមរយៈ KOTRA Cambodai កន្លងមកនេះ បានជួយឧបត្ថម្ភឧបករណ៍ទំនើបៗជាច្រើនមកដល់ក្រសួងសុខាភិបាល ហើយថ្មីៗនេះ បានជួយឧបត្ថម្ភបន្ថែមនូវ ម៉ាស៊ីនបាញ់ថ្នាំមូស ចំនួន១៥គ្រឿង ដែលប្រភេទតូច ១០គ្រឿង និងប្រភេទធំចំនួន៥គ្រឿងផងដែរ៕