(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានសហការជាមួយ ក្រុមមេធាវីវិស្ណុ និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ រៀបចំសិក្ខាសាលាថ្នាក់ជាតិជាលើកទី២ ស្ដីពីសេចក្ដីព្រាងក្រមបរិស្ថាន ដែលប្រព្រឹត្តិឡើងនៅក្នុងសណ្ឋាគារសុខា ភ្នំពេញ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រីកការយល់ដឹងចំពោះ ការការពារធនធានធម្មជាតិ ជាពិសេសការអភិរក្សព្រៃឈើ និងជីវៈចម្រុះ តាមរយៈការ កែសម្រួលតួនាទី និងភារកិច្ចរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជាប្រយោជន៍ ដល់ការបែងចែកឱ្យដាច់ស្រឡះ នូវការទទួលខុសត្រូវ ចំពោះកិច្ចការអភិរក្ស និងអភិវឌ្ឍន៍។
លោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានធម្មជាតិនេះ ក្រសួងបរិស្ថាន បានធ្វើប្រតិភូកម្មតួនាទី និងសមត្ថកិច្ច ជូនអាជ្ញាធរខេត្ត គណៈបញ្ជាការឯកភាពខេត្ត និងមន្ទីរបរិស្ថាន ដើម្បីរួមគ្នាសហការទប់ស្កាត់បទល្មើស និងការពារព្រៃឈើឱ្យបានគង់វង្ស។
លោកបានបញ្ជាក់ទៀតថា ក្រសួងបរិស្ថានបានផ្ទេរភារកិច្ច ទៅដល់សង្កាត់ ខណ្ឌ ឬក្រុងនីមួយៗ ដើម្បីធ្វើការគ្រប់គ្រងសំរាម និងសំណល់រឹងផ្សេងៗទៀត នៅតាមរាជធានី-ខេត្ត និងទីប្រជុំជននានា ដោយរដ្ឋាភិបាល បានសម្រេចផ្ដល់ជូន នូវមូលនិធិអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង ទីប្រជុំជន ក៏ដូចជាសុខមាលភាព បងប្អូនប្រជាពរដ្ឋគ្រប់រូបផងដែរ។
លោកបានថ្លែងទៀតថា ចំពោះវិស័យធនធានរ៉ែ គឺត្រូវបានពង្រឹង និងអនុវត្តន៍ ដោយឈរលើស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះគុណភាពបរិស្ថាន សុខមាលភាព របស់ប្រជាពរដ្ឋ និងសហគមន៍មូលដ្ឋាន។ ការកែសម្រួលតួនាទីភារកិច្ច និងការទទួលខុសត្រូវទាំងនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ដោយឈរលើស្មារតី នៃការបង្ខិតការគ្រប់គ្រង ការងារប្រចាំថ្ងៃឱ្យដល់ដៃអាជ្ញាធរមូលដ្ឋាន ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយប្រកាន់ខ្ជាប់ នូវតួនាទី ជាអាណាព្យាបាល បច្ចេកទេសរបស់ក្រសួងជំនាញពាក់ព័ន្ធ។
កញ្ញា សៅ កញ្ញា ប្រធានក្រុមមេធាវី វិស្ណុក បានថ្លែងថា ដើម្បីសម្រេចក្រមបរិស្ថានមួយ ឲ្យមានតម្លាភាព ក្រុមមេធាវីវិស្ណុ និងក្រសួងបរិស្ថាន បានប្រើប្រាស់ វិធីសាស្រ្ដសំខាន់ ក្នុងការបង្កើតក្រុមការងារអន្ដរក្រសួង បច្ចេកទេសតាក់តែងសេចក្ដីព្រាង ក្រមបរិស្ថាន និងក្រុមការងារជំនាញតាក់តែង សេចក្ដីព្រាងក្រមបរិស្ថាន ដើម្បីឲ្យការអនុវត្តន៍ទទួលបាន ទៅដោយភាពជោគជ័យ។
លោក ឯ វុឌ្ឍី ទីប្រឹក្សាក្រសួងបរិស្ថាន បានថ្លែងថា ក្រមបរិស្ថាននេះ ចាប់ផ្ដើមនៅចុងឆ្នាំ២០១៣ តែដោយសារតែនៅក្នុងឆ្នាំ២០១៣ មិនទាន់មានធនធានមនុស្សគ្រប់គ្រាន់ ទើបបានយើងអូសបន្លាយ រហូតមកដល់ចុងឆ្នាំ២០១៤ ហើយនឹងគ្រោងបញ្ចប់ នៅចុងឆ្នាំ២០១៦។
ទន្ទឹមគ្នានេះដែរ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត កំពុងពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ទឹកលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីកែសម្រួលតួនាទី ភារកិច្ច និងការទទួលខុសត្រូវ លើការគ្រប់គ្រងសំណល់រាវ ការគ្រប់គ្រងលូសាធារណៈ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីទប់ស្កាត់ និងកាត់បន្ថយ ការបំពុលទឹកក្រោមដី ទឹកទន្លេ ទឹកស្ទឹង បឹង និងព្រែក ដែលជាប្រភពទឹកស្អាតសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងធ្វើអាជីវកម្មផងដែរ៕