(បន្ទាយមានជ័យ)៖ ផ្ទះប្រជាពលរដ្ឋសរុប ៤៣៦ខ្នងនៅក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានរងការខូចខាតដោយសារតែខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ ក្រៅពីផ្ទះប្រជាពលរដ្ឋហើយនោះ សាលារៀនចំនួន ៥ខ្នងក្នុងស្រុកថ្មពួក ក៏បានរងផលប៉ះពាល់ផងដែរ។
ក្រោយកើតហេតុការណ៍នេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំងអន្តរាគមន៍ចំនួន១៧៨នាក់ រួមមានកងទ័ពវរសេនាតូចថ្មើរជើងលេខ៥១៣, ៥១៤ និងកម្លាំងចំណុះកងពលសហការជាមួយកងកម្លាំងចម្រុះ តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន នាំយកស័ង្កសីរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ចំនួន ១,១០០សន្លឹក ចុះជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះឡើងវិញ។
ក្នុងឱកាសដឹកនាំកម្លាំងចុះជួយរុះរើ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋឡើងវិញនោះ លោក សឹង្ហ ទុំ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទនោះ លោកបានផ្តល់អំណោយស័ង្កសី ដល់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ រក្សាទុកដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាពេលជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់។
ក្នុងឱកាសនោះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរងគ្រោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង និងគ្រប់វេលា និងប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕