(ភ្នំពេញ)៖ ប្រជាពលរដ្ឋមកពីតាមបណ្ដា ភូមិ-សង្កាត់ក្នុងខណ្ឌឫស្សីកែវ ជិត៣០០នាក់នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងវេទិការបស់សាលាខណ្ឌឫស្សីកែវ ស្ដីពីកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ ដោយមានការចូលរួមផ្ទាល់ពីលោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ និងលោក លីន ញ៉ក់ អភិបាលរងខណ្ឌ រួមទាំងមន្ត្រីរចនាសម្ព័នរបស់សាលាខណ្ឌឫស្សីកែវ ជាច្រើននាក់ដែលបានប្រព្រឹត្តទៅ នៅក្នុងព្រះវិហ៊ាឥស្លាមគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី២នេះដែរប្រជាពលរដ្ឋ បានលើកឡើងម្នាក់ម្ដងៗ ពីបញ្ហាប្រឈម៣ចំណុច ដែលកើតមានក្នុងភូមិ-សង្កាត់ របស់គាត់រស់នៅរួមមានទី១- បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ទី២- បញ្ហាការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន និងទី៣- បញ្ហាផ្នែកបរិស្ថានតែម្ដង ដើម្បីដាក់ជូនក្រុម ប្រឹក្សាខណ្ឌឫស្សីកែវ រកដំណោះស្រាយជូន។
លោក លីន ញ៉ក់ បានថ្លែងថា ក្រោមការដឹកនាំពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ដ៏វ័យក្មេង មានភាពរហ័សរហួន ក្នុងការបំពេញភារកិច្ចបម្រើជូន ពលរដ្ឋដោយបញ្ហាប្រឈមទាំង៣ចំណុចសំខាន់ៗ ដែលប្រជាពលរដ្ឋបានលើកឡើងនាពេលនេះ លោកនឹងទទួលយកដើម្បីដាក់ជូនក្រុមប្រឹក្សាខណ្ឌ រិះរកដំណោះស្រាយជូនព្រមទាំងបញ្ជាឲ្យលោកចៅសង្កាត់ ត្រូវត្រួតពិនិត្យមើលលើបញ្ហាប្រឈមមួយណា ដែលជាអទិភាពស្ថិតក្នុងគម្រោង៣ឆ្នាំរំកិល(២០១៥-២០១៩) ដោយស្របទៅតាមក្របខណ្ឌផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ(២០១៥-២០១៩)។
ជាមួយគ្នានោះប្រធានក្រុមប្រឹក្សា ខណ្ឌឫស្សីកែវ លោក វ៉ាន់ សាលី បានថ្លែងទៅកាន់ប្រជាពលរដ្ឋ និងលើកឡើងពីរបាយការណ៍ ស្ថានភាពនៃការអភិវឌ្ឍន៍នៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ខណ្ឌឫស្សីកែវ អាណត្តិទី២ និងគម្រោងអទិភាពនៃឆ្នាំបន្ទាប់ថា ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី២នេះ បានរៀបចំចងក្រងសៀវភៅកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខ្លួន ស្របតាមផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០១៥-២០១៩)និងស្របទៅតាមក្របខណ្ឌអភិវឌ្ឍន៍ខណ្ឌ ។
សូមជម្រាបថា ក្នុងឆ្នាំនេះក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ក៏ដូចជា គណៈអភិបាលខណ្ឌឫស្សីកែវ សង្ឃឹមថា នឹងទទួលបាន ថវិកាពីថ្នាក់ជាតិ ដើម្បីយកមកអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ ខ្លួនក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋទូទៅ៕