(ភ្នំពេញ)៖ លោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា ខេត្តព្រះវិហារ ជាខេត្តមួយដែលសំបូរទៅដោយធនធានរ៉ែ ក្នុងនោះមានទាំងរ៉ែដេក, រ៉ែស្ពាន់, រ៉ែមាស, រ៉ែប្រេងកាត និងរ៉ែលោហៈជាដើម ដែលគ្របដណ្ដប់នៅស្ទើរទូទាំងខេត្តតែម្ដង។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រះវិហារ» នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ លោកអភិបាលខេត្តបានអះអាងថា បច្ចុប្បន្នខេត្តព្រះវិហារ មានក្រុមហ៊ុនចំនួន២២ក្រុមហ៊ុន កំពុងធ្វើអាជីវកម្ម និងសិក្សាស្រាវជ្រាវ។

បើតាមលោក គីម រិទ្ធី, ក្រុមហ៊ុន ដែលកំពុងធ្វើអាជីវកម្មរ៉ែ និងសិក្សាស្រាវជ្រាវធនធានរ៉ែនៅខេត្តព្រះវិហារ រួមមាន៖

* អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ មានចំនួន៣ក្រុមហ៊ុន
* អាជ្ញាបណ្ណសិក្សាស្រាវជ្រាវធនធានរ៉ែ មានចំនួន៩ក្រុមហ៊ុន
* អាជ្ញាបណ្ណអណ្តូងរ៉ែ បើកនិងការដ្ឋានវាយថ្ម មានចំនួន១០ក្រុមហ៊ុន។

ជាមួយគ្នានេះ លោក គីម រិទ្ធី ក៏បានអំពាវនាវដល់អ្នកដែលចង់រកស៉ីវិនិយោគលើវិស័យរ៉ែនេះ ប្រយ័ត្នចាញ់បោកអ្នកគួកជេរដីធ្លី ដោយពួកគេបានអះអាងថា ដីដែលគេលក់នោះគឺអាចធ្វើអាជីវកម្មបាន ប៉ុន្ដែធាតុពិតដីនោះមិនមានធនធានរ៉ែសម្រាប់ធ្វើអាជីវកម្មឡើយ។ ផ្ទុយទៅវិញ សម្រាប់អ្នកដែលចង់វិនិយោគលើវិស័យនេះ​ លោកអភិបាលខេត្ត បានណែនាំឲ្យសិក្សាជាមួយស្ថាប័នជំនាញ ដើម្បីកុំឲ្យខាតបង់។

ដោយឡែក ចំពោះការផ្គត់ផ្គង់អគ្គីសនី ដោយមានកិច្ចសហប្រតិបត្តិការជាមួយខេត្តចម្ប៉ាសាក់ ប្រទេសឡាវ បានភ្ជាប់បណ្តាញពីខេត្តស្ទឹងត្រែង និងពង្រីកបណ្តាញអគ្គិសនីប្រើប្រាស់បានទូទាំងខេត្ត៕