(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ ខណ្ឌជ្រោយចង្វារ និងសង្កាត់កោះដាច់ ចុះត្រួតពិនិត្យករណីចាក់ដីចូលទន្លេស្ថាបនាច្រាំងខុសច្បាប់ ដោយបំពានទៅលើដីច្រាំងទន្លេមេគង្គ ដែលជាដីសាធារណៈរបស់រដ្ឋស្ថិតនៅក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។
ករណីការស្ថាបនាច្រាំងខុសច្បាប់ខាងលើនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការវាស់វែងផ្ទៀងផ្ទាត់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខៈភព ៧៣៧២៧ឃើញថា ដីកម្មសិទ្ធិមានទំហំ ៨៣៣៨ម៉ែត្រក្រឡា ហើយការកាន់កាប់របស់ឈ្មោះ ឡាន ពីវិន លើសពីដីក្នុងប័ណ្ណទំហំ ១២៦៥២ម៉ែត្រក្រឡា និងបានចាក់ដីចូលជ្រៅទៅក្នុងទន្លេទំហំ ១១២៤៦ម៉ែត្រក្រឡា។
សូមបញ្ជាក់ថា ការចាក់ដីចូលទន្លេស្ថាបនាច្រាំងខុសច្បាប់ខាងលើនេះ ម្ចាស់ដីទទួលបានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ តែមិនបានសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរជំនាញ។
នៅក្នុងឱកាសនោះ លោក ឃ្លាំង ហួត បានណែនាំដូចខាងក្រោម៖
*តម្រូវឱ្យម្ចាស់ដីដែលបានចាក់ដីចូលទន្លេ សាងសង់ច្រាំង ត្រូវបញ្ឈប់ជាបន្ទាន់ បើពុំនោះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត
*ណែនាំឱ្យម្ចាស់ដីគ្រប់គ្រង និងស្នើសុំសាងសង់អ្វីមួយតែលើដីកម្មសិទ្ធិរបស់ខ្លួនដែលមានទំហំ ៨៣៣៨.៥២ម៉ែត្រក្រឡា
*ចំណែកដីទំហំ ១២៦៥២ ម៉ែត្រក្រឡាដែលជាដីច្រាំងដុះ និងដីដែលបានចាក់ដីចូលជ្រៅទៅទន្លេខុសច្បាប់ទំហំ ១១២៤៦ម៉ែត្រក្រឡា ត្រូវទុកជាសម្បត្តិរដ្ឋ ដើម្បីបម្រើជាប្រយោជន៍សាធារណៈ ករណីជនទាំងឡាយណាចង់ ប្រើប្រាស់ដីនេះ លុះត្រាតែស្នើសុំទៅរាជរដ្ឋាភិបាល។
អាជ្ញាធររាជធានីភ្នំពេញ ធ្វើការវាស់វែងព្រំដីឡើងវិញ ដោយកំណត់យកព្រំដីចាស់ ដោយមិនអនុញ្ញាតឲ្យម្ចាស់ដី ធ្វើការចាក់ដីរំលោភបំពានចូលច្រាំងទន្លេទៀតនោះទេ។
លោក ឃ្លាំង ហួត បានថ្លែងថា ចំពោះដីច្រាំងទន្លេ ដែលនៅសល់លោកនឹងរាយការណ៍ជូនទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីធ្វើការត្រួតពិនិត្យ នឹងធ្វើការស្នើទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីដាក់ដីដែលនៅសល់ ទៅជាកំពង់ផែសម្រាប់ភ្ញៀវទេសចរណ៍ចូលមកទស្សនានៅតំបន់កោះដាច់ផងដែរ៕