(សៀមរាប)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានជំរុញឲ្យមន្រ្តីត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ការលើកឡើងដូច្នេះ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារមន្ទីរសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប)។

ពិធីនេះ ក៏មានការពីលោក លី ទឹង សមាជិកក្រុមប្រឹក្សាខេត្ត, លោក ពិន ប្រាកដ អភិបាលរងខេត្ត, លោកវេជ្ជបណ្ឌិត ក្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត, លោកសាស្ត្រាចារ្យ យ៉ ច័ន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័ទី៧ និងលោក-លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ គ្រូពេទ្យបង្អែក នៃស្រុកប្រតិបត្តិទាំង៤ និងមណ្ឌលសុខភាព ព្រមទាំងក្រុមប្រឹក្សាក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងអង្គការដៃគូប្រមាណជាង២០០នាក់។

លោកស្រី ឱ វណ្ណឌីន បានជំរុញឲ្យមន្រ្តីសុខាភិបាលទាំងអស់ ត្រូវបម្រើសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

លោកស្រីបានបន្តថា នៅតែមានបញ្ហាដែលត្រូវខិតខំប្រឹងប្រែងបន្ដទៀត សំខាន់គឺការពង្រឹងនូវប្រព័ន្ធសុខាភិបាល សេវាសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស មន្ទីរពិសោធន៍ និងការពង្រឹងនូវអភិបាលកិច្ចល្អ។ លើសពីនេះទៀត គឺការបន្ដប្រយុទ្ធនឹងជំអឺរុំារៃ និងជំងឺឆ្លងផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ផងដែរ។

លោកស្រីក៏បានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់នៃខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចក្នុងរយៈពេលកន្លងមកនេះ យ៉ាងយកចិត្តទុកដាក់តាមតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានសមិទ្ធផលដ៏គួរជាទីមោទនៈ។

លោកស្រីបានបញ្ជាក់ថា ឆ្លងតាមអង្គសន្និបាតនេះ យើងនឹងធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ដើម្បីដកស្រង់យកបទពិសោធន៍ល្អៗ និងពិនិត្យ នូវបញ្ហាប្រឈមដែលត្រូវជម្នះ ដោះស្រាយដោយមិនស្ទាក់ស្ទើរ ឬរង់ចាំ ដើម្បីយកទៅអនុវត្តបន្តនៅតាមអង្គភាព មូលដ្ឋានរបស់ខ្លួនឲ្យបានជោគជ័យ និងប្រសិទ្ធភាពបន្ថែមទៀត ព្រមទាំងបានផ្តលនូវអនុសាសន៍ល្អៗមួយចំនួន ជាមូលដ្ឋានគ្រឹះសម្រាប់មន្ត្រី គ្រូពេទ្យយកទៅអនុវត្តផងដែរ។ ម៉្យាងទៀតកិច្ចការទាំងនេះ ក៏យើងទាមទារនូវកិច្ចសហការ ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនូវជំងឺឆ្លងគ្រប់ប្រភេទ ដើម្បីសុខភាព របសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងទូទាំងប្រទេស។

ក្នុងឱកាសនោះដែរ លោកស្រីបានផ្តល់កិត្តិយសបំពាក់នូវគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក ក្នុងស្រុកប្រតិបត្តិទាំងបួន និងមណ្ឌលសុខភាព ដែលមានស្នាដៃបំពេញការងារប្រមាណជាង៤០រូបផងដែរ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក៏បានជំរុញដល់មន្ទីរសុខាភិបាល និងមណ្ឌលសុខភាព ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រមទាំងត្រូវពង្រឹងការងារហិរញ្ញវត្ថុ ដោយប្រើប្រាស់ឲ្យចំគោលដៅ និងពង្រឹងការគ្រប់គ្រងបុគ្គលិកដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ក្នុងបំពេញភារកិច្ចការងារ ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត និង មកទទួលសេវាពិនិត្យសុខភាពពីមន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពរបស់រដ្ឋផងដែរ។

តាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត ក្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត អំពីលទ្ធផលអនុវត្តក្នុងឆ្នាំ២០២២ ក្នុងការចុះស្រាវជ្រាវរកជំងឺឆ្លងផ្សេងៗ នៅតាមសហគមន៍ មូលដ្ឋានសុខាភិបាល តាមរយៈការធ្វើតេស្តរហ័ស និងការបញ្ជាក់ពីមន្ទីរពិសោធន៍ បានរកឃើញមេរោឆ្លងមួយចំនួន និងជំងឺឆ្លងរ៉ាំរៃ។

មន្ទីរសុខាភិបាល បានបញ្ជូនមន្ត្រីរាជការ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីបង្កើននូវចំណេះដឹង បទពិសោធន៍ថ្មី ស្របតាមការរីកចំរើនផ្នែកវិទ្យាសាស្ត្រសុខាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ បានបញ្ជូនមន្ត្រីចូលរួមវគ្គបណ្តុះបណ្តាល ក្នុងប្រទេសផងដែរ។

លោកវេជ្ជបណ្ឌិត បានបន្តថា ការអនុវត្តសកម្មភាពវិស័យសុខាភិបាល ក្នុងឆ្នាំ២០២២ ក្រោមការដឹកនាំ និងការទទួលខុសត្រូវរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានប្រព្រឹត្តទៅដោយរលូនទាំងការងារ គ្រប់គ្រងមន្ត្រីរាជការ ទាំងការផ្តល់សេវាសុខាភិបាលសាធារណៈនិងឯកជន ការងារទំនាក់ទំនងសហប្រតិបត្តិ ការពិសេសបញ្ហាប្រឈម និងភាពខ្វះខាត ទាំងឡាយត្រូវបានដោះស្រាយតាមរចនាសម្ព័ន្ធរួមមាន៖ ការិយាល័យមន្ទីរចំនួន០៤ ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិចំនួន០៤ អង្គភាពផ្តល់សេវាសុខភាព សាធារណៈក្នុងការពិនិត្យ ពិគ្រោះ ថែទាំ ព្យាបាលជម្ងឺ មានមន្ទីរពេទ្យបង្អែកខេត្តផ្តល់សេវាបង្គ្រប់កំរិត៣ ចំនួន០១កន្លែង មានមន្ទីរពេទ្យបង្អែកស្រុកចំនួន៤កន្លែងផ្តល់សេវាបង្គ្រប់កំរិត២ និងមណ្ឌលសុខភាព ចំនួន៩៤ ប៉ុស្តិ៍សុខភាពចំនួន០២កន្លែង ជាមួយនឹងគ្រែសម្រាកព្យាបាលជម្ងឺសរុបចំនួន៧០៣គ្រែ កំពុងផ្តល់សេវាព្យាបាល២៤ម៉ោងលើ២៤ម៉ោង ដល់អ្នកជំងឺមកពីគ្រប់មជ្ឈដ្ឋានដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយឡើយ។

ជាមួយគ្នានេះដែរ ខេត្តសៀមរាប នៅមានមន្ទីរពេទ្យធំៗចំនួន៣កន្លែងទៀត គឺមន្ទីរពេទ្យជ័យវរ្ម័នទី៧ មានគ្រែចំនួន៩៨៦គ្រែ មន្ទីរពេទ្យកុមារអង្គរមានចំនួន១០០គ និងមន្ទីរពេទ្យយោធា ភូមិភាគ៤ចំនួន៥០គ្រែ បាន និងកំពុងផ្តល់សេវាពិនិត្យពិគ្រោះ ព្យាបាលជំងឺដោយឈរលើគោលការណ៍ គុណភាព សុវត្ថិភាព និងសមភាព ជូនដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប និងខេត្តមួយចំនួននៅជុំវិញ ខេត្តសៀមរាប៕