(ភ្នំពេញ)៖ នារាត្រីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបារាំង មានការរៀបចំពិធីអបអរសាទរមួយជូននិស្សិតកម្ពុជា ៥១រូប ដែលទទួលបានអាហារូករណ៍ទៅសិក្សា នៅប្រទេសបារាំង ក្រោមអធិបតីភាពលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា និង លោក ហ្សង់-ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា។ ក្នុងចំណោមនិស្សិតអាហារូបករណ៍ទាំង ៥១រូបនេះ មាននិស្សិតពីររូបមកពីសាលាបច្ចេកវិទ្យាតិចណូ បានជាប់អាហារូបករណ៍សិក្សានៅសាលាពហុវិទ្យារបស់បារាំង ដែលជាសាលាដ៏ល្បីមួយនៅលើពិភពលោក ហើយនេះក៏លើកដំបូងផងដែរ សម្រាប់និស្សិតកម្ពុជា មានឱកាសឈានជើងចូលសិក្សានៅសាលានេះ។
លោក ហ្សង់-ក្លូដ ពាំបឺហ្វ ប្រធានគណៈកម្មការផ្តល់អាហារូបករណ៍បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់និស្សិតកម្ពុជា ហើយលោករំពឹងថា និស្សិតទាំងអស់ នឹងទទួលបានជោគជ័យក្នុងការសិក្សានៅក្នុងប្រទេសបារាំង។ លោក ហ្សង់-ក្លូដ ពាំបឺហ្វ បានឲ្យដឹងផងដែរថា រដ្ឋាភិបាលបារាំង បានផ្តល់អាហារូបករណ៍ សម្រាប់និស្សិតកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំមកហើយ ជាមធ្យមក្នុងមួយឆ្នាំមាននិស្សិតចន្លោះពី ៣០-៤០នាក់ ទទួលបានអាហារូបករណ៍ ដើម្បីទទួល ការបណ្តុះបណ្តាល លើជំនាញផ្សេងៗមានដូចជា ច្បាប់ សេដ្ឋកិច្ច និងសុខាភិបាល...។
សម្រាប់និស្សិត ដែលជាប់អាហារូបករណ៍ថ្មីទាំង ៥១រូបនេះ នឹងត្រូវសិក្សាលើមុខវិជ្ជាសេដ្ឋកិច្ច នីតិសាស្រ្ត វិទ្យាសាស្រ្ត វិស្វករ ភាសាបារាំង និង ចិត្តវិទ្យា។ អាហារូបករណ៍ របស់រដ្ឋាភិបាលបារាំង សម្រាប់និស្សិតកម្ពុជា កាលពីមុនផ្តោតសំខាន់ទៅលើវិស័យអាទិភាព ដូចជា សេដ្ឋកិច្ច ច្បាប់ និងសុខាភិបាល តែបច្ចុប្បន្នរដ្ឋាភិបាលបារាំង ក៏ចាប់ផ្តើមផ្តល់អាហារូបករណ៍លើមុខវិជ្ជាបច្ចេកទេស និងវិស្វកម្មផងដែរ។
លោកឯកអគ្គរដ្ឋទូតបារាំង បានពន្យល់ថា ការបើកឲ្យមានអាហារូបករណ៍លើមុខវិជ្ជាបច្ចេកទេស និង វិស្វកម្ម ដើម្បីឆ្លើតបការការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ដែលតម្រូវឲ្យមានអ្នកជំនាញផ្នែកបច្ចេកទេសច្រើន ឆ្លើយតបទៅនិងភាពរីកចម្រើននេះ។
ជាមួយការបើកឲ្យមានអាហារូបករណ៍ លើមុខជំនាញបច្ចេកទេសនេះ មាននិស្សិតកម្ពុជា បានប្រឡងជាប់អាហារូបករណ៍នៅសាលាពហុ វិទ្យារបស់បារាំង ដែលជាសាលាបច្ចេកទេស ដ៏ល្បីមួយនៅលើពិភពលោក។
រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា សាលានេះ គឺជាសាលា ដែលមាននិស្សិតមកពីបណ្តាប្រទេសជុំវិញពិភព លោកចូលទៅសិក្សា ហើយប្រទេសល្បីៗខ្លះ មាននិស្សិតតែម្នាក់ប៉ុណ្ណោះ ដណ្តើមបាន តែសម្រាប់កម្ពុជា បើទោះបីជាប្រទេសតូច តែ មាននិស្សិតរហូតដល់ទៅពីរនាក់ ដណ្តើមបានអាហារូបករណ៍ចូលទៅសិក្សានៅសាលាមួយនេះ។
លោក ហង់ ជួនណារ៉ុន បានសម្តែងភាពរីករាយចំពោះនិស្សិតជាប់អាហារូបករណ៍ទាំងអស់ ហើយវាក៏ជាមោទនភាពមួយសម្រាប់កម្ពុជា ដែលមាននិស្សិតអាចប្រឡងយកអាហារូបករណ៍នៅសាលាលំដាប់ពិភពលោកក្នុងប្រទេសបារាំង។ លោកថ្លែងយ៉ាងដូច្នេះ «យើងឃើញ ថា និស្សិត ដែលគេទទួលអាហារូបករណ៍នេះ ដោយសារតែគេមានសមត្ថភាពខ្ពស់ ហើយខ្ញុំមានមោទនភាព ដែលក្នុងចំណោមនិស្សិត មានពីរនាក់ ត្រូវបានជ្រើសរើសឲ្យចូលរៀននៅសាលាពហុវិទ្យាបារាំង ដែលជាសាលាល្បីល្បាញក្នុងពិភពលោក។ ថ្វីត្បិតកម្ពុជាយើងប្រ ទេសតូច ប៉ុន្តែឆ្នាំនេះ និស្សិតពីរនាក់អាចចូលរៀនសាលាពហុវិទ្យា។ សាលានេះ សូម្បីនិស្សិតបារាំង ក៏ពិបាកចូលរៀបដែរ ហើយសិស្ស បរទេសខ្លះ អាចចូលតែម្នាក់ប៉ុណ្ណោះ»។
ដើម្បីចូលរួមអភិវឌ្ឍធនធានចំណេះនៅកម្ពុជា លោក ហ្សង់-ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំង បានបញ្ជាក់ថា រដ្ឋាភិបាលបារាំង នឹងបន្ត រក្សាចំនួនអាហារូបករណ៍ សម្រាប់និស្សិតកម្ពុជា ៥០-៦០នាក់ ហើយនឹងពង្រឹងគុណភាពបណ្តុះបណ្តាលធានាថា ពួកគេមានសមត្ថភាព ពិតសម្រាប់ជួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា។
និស្សិត នូ ស៊ីធា និស្សិតម្នាក់មកពីសាលាតិចណូ ដែលទទួលបានអាហារូបករណ៍សិក្សាជំនាញវិស្វកម្មផ្នែកថាមពលនៅសាលាពហុវិទ្យាបារាំង បានបង្ហាញ អារម្មណ៍រីករាយ ហើយបានប្តេជ្ញាយកជំនាញរបស់ខ្លួនចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រោយពេលបញ្ចប់ការសិក្សា។
កញ្ញា គី ម៉ីលិញ និស្សិតសាលាភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក៏បានបង្ហាញក្តីរីករាយផងដែរ ចំពោះអាហារូបករណ៍នេះ ហើយកញ្ញា ជឿជាក់ថា ការបណ្តុះបណ្តាលនៅសាលាលីយ៉ុង នឹងជួយឲ្យសមត្ថភាព និងចំណេះដឹងរបស់កញ្ញា កាន់តែខ្លាំងថែមទៀត។
សូមបញ្ជាក់ថា មាននិស្សិតកម្ពុជា ជាង ៦០០នាក់ហើយ បានទទួលការបណ្តុះបណ្តាលពីប្រទេសបារាំង ហើយប្រទេសបារាំង ជាប្រ ទេសចំណាត់លេខ៣ ដែលនិស្សិតកម្ពុជាចូលចិត្តទៅសិក្សា ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃហើយនោះ និស្សិតទទួលបានប្រាក់ប្រចាំខែជាង ១ពាន់អឺរ៉ូ សម្រាប់ចំណាយថ្លៃស្នាក់នៅ និងចាយវាយផ្សេងៗ។ លោកឯកអគ្គរដ្ឋទូតបារាំង បានបញ្ជាក់ថា ដើម្បីទទួលបានអាហារូបករ ណ៍ទៅសិក្សានៅប្រទេសបារាំង និស្សិតកម្ពុជាត្រូវមានពិន្ទុខ្ពស់នៅក្នុងថ្នាក់ ចំណេះដឹងខ្ពស់ផ្នែកភាសាបារាំង ព្រមទាំងចំណេះដឹងទូទៅ មួយចំនួនទៀតសម្រាប់ការសម្ភាសន៍ផ្ទាល់៕