(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការឈប់សម្រាកក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយុ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមីនានេះ។

ក្រសួងអបរំបានបញ្ជាក់ថា ខណៈដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងដើម្បីជាការចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ខាងលើក្រសួងសូមណែនាំមានដូចជា៖

១៖ គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ផ្នែកសាធារណៈទាំងអស់ ត្រូវអនុវត្តវិស្សមកាលធំ ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣

២៖ គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ផ្នែកឯកជនទាំងអស់ ត្រូវឈប់សម្រាកចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមការគួរ។

៣៖ គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈនិងឯកជន ត្រូវឈប់សម្រាក ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣៕