(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លូនជនសង្ស័យ៣នាក់ ដោយដកហូតបានកាំបិត១ ពាក់ព័ន្ធក្នុងករណីចាក់ស្រ្តីម្នាក់ បណ្ដាលឲ្យដាច់ខ្យល់ស្លាប់ គួរឲ្យអាណោចអាធ័ម គ្រាន់តែមានជម្លោះជាមួយគ្នាបន្តិចបន្តួចប៉ុណ្ណោះដោយសាររឿងចាក់ទឹក។ អំពើឃាតកម្មនេះ បានកើតឡើងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង ដែលបានបញ្ជាឲ្យកម្លាំងនគរបាលចុះទៅចាប់ជនដៃដល់ភ្លាមៗក្រោយកើតហេតុ បានប្រាប់អង្គភាព Fresh News ថា រឿងឃាតកម្មនេះ បានកើតឡើងដោយមុនពេលកើតហេតុ ស្រ្តីម្នាក់ឈ្មោះឆោម នឿន ត្រូវជាប្អូនស្រីរបស់ជនបង្កបានជះទឹក នៅក្បែរកន្លែងរកស៊ីរបស់ស្រ្តីរងគ្រោះ ពេលនោះនាំឲ្យ ជេរទៅវិញទៅមក។
ដោយសារតែឃើញប្អូនស្រីរបស់ខ្លួន កំពុងឈ្លោះជាមួយស្រ្តីរងគ្រោះនោះ ស្រាប់តែជនបង្កជាប្រពន្ធ បានរត់ទៅចាក់ស្រ្តីរងគ្រោះចំបំពង់ក ស្រាប់តែពេលនោះ បុរសជាប្តី មិនព្រមជួយឃាត់ ក៏រត់ទៅកាន់ដងកាំបិតចាក់រុកចូលកាន់តែជ្រៅ ថែមទៀត បណ្តាលឲ្យជនរងគ្រោះដាច់ខ្យល់ស្លាប់ភ្លាមៗ គួរឲ្យអាសូរយ៉ាងពន់ពេក។
លោក ម៉ក់ ហុង បានបញ្ជាក់ថា ជនសង្ស័យជាប្តីឈ្មោះ ឡឹង សុរ៉ា អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ ឆោម ណៃ អាយុ៣៥ឆ្នាំ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនខ្លូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសួរនាំ។
ក្រោយសួរនាំរួច និងមានការឆ្លងយោបល់ពីព្រះរាជអាជ្ញារង ងិន ពេជ ទើបសមត្ថកិច្ចបានដោះលែងឈ្មោះ ឆោម នឿន ឲ្យប្រឡប់ទៅផ្ទះវិញ ព្រោះមិនជាប់ពាក់ព័ន្ ធក្នុងករណីនេះទេ។ បច្ចប្បន្នជនសង្ស័យទាំង២នាក់ជាប្តី-ប្រពន្ធ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕