(ភ្នំពេញ)៖ លោក Will Parks តំណាងអង្គការយូនីសេហ្វ (UNICEF) ថ្មីប្រចាំកម្ពុជា បានថ្លែងប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយក្រសួងសុខាភិបាល ដើម្បីឈានទៅសម្រេចបាន គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ស្ដីពី សុខភាពកុមារ និងស្ដ្រី។

ការថ្លែងបែបនេះរបស់លោក ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ នាទីស្ដីការក្រសួងសុខាភិបាល។

លោកតំណាងអង្គការយូនីសេហ្វ ក៏បានថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការយូនីសេហ្វ ដែលអាចឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ អាចបំពេញបេសកកម្មរបស់ខ្លួន ដោយជោគជ័យ។ លើសពីនេះទៀត លោកប្រធានអង្គការយូនីសេហ្វ ក៏បានស្នើសុំការគាំទ្រ ពីលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការជំរុញឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា ស្តីពីសុខភាពកុមារ និងស្តី្រ ទៅតាមគោលដៅដែលបានគ្រោងទុក។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្ដេជ្ញាចិត្តរបស់អង្គការយូនីសេហ្វ ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបាន សំណូមពរឱ្យអង្គការយូនីសេហ្វបន្តសហការជាមួយអង្គភាពដែលពាក់ព័ន្ធទាំងអស់។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសម្ដែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Will Parks ដែលត្រូវបានតែងតាំងជាប្រធានអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រីបាន គូសរំលេចថា អង្គការយូនីសេហ្វ គឺជាទីភ្នាក់ងារអង្គការសហប្រជាជាតិដំបូងគេ ដែលបានវិលត្រឡប់មកកម្ពុជា វិញបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនាឆ្នាំ១៩៧៩។

លើសពីនេះទៀតលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណអង្គការយូនីសេហ្វ ដែលតែងតែគាំទ្រ និងសហការយ៉ាងជិតស្និទជាមួយក្រសួងសុខាភិបាល ដែលអាចឱ្យកម្ពុជាសម្រេចបានគោលអភិវឌ្ឍសហសវត្សរ៍ មុនកាលបរិច្ឆេទកំណត់ និងសូចនាករសុខភាពផ្សេងៗទៀត។

ជាមួយគ្នានោះលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់អង្គការ យូនីសេហ្វ ដែលបានឧបត្ថម្ភគាំទ្រវិស័យសុខាភិបាលទាំងបច្ចេកទេស ថវិកា និងការអភិវឌ្ឍធនធានមនុស្ស តាមរយៈគម្រោងសុខភាពមាតា និងកុមារ និងអាហារូបត្ថម្ភ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ កូវីដ-១៩។

ទន្ទឹមនឹងនោះលោកតំណាងអង្គការយូនីសេហ្វ ក៏បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ បានទទួលជោគជ័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអគ្គមេ បញ្ជាការដឹកនាំចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេស ទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងឱកាសនោះលោកតំណាងអង្គការយូនីសេហ្វ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់បុគ្គលិកទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា រួមទាំង អង្គការយូនីសេហ្វ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេទាំងអស់ដោយឥតគិតថ្លៃ៕