Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមចោរប្លន់ប្រដាប់អាវុធ៣នាក់ រត់គេចខ្លួនពេលឃើញ សមត្ថកិច្ចដាក់គោលដៅ បន្សល់ទុក AK-47 ២ដើមនៅស្រុកអូរាំងឪ

07-07-2016 14:14

(ត្បូងឃ្មុំ)៖ ជនសង្ស័យ៣នាក់ ដែលសមត្ថកិច្ចអះអាងថា ជាក្រុមចោរប្លន់ប្រដាប់អាវុធហត្ថនោះ បានរត់គេចខ្លួនភ្លាមៗ ពេលឃើញសមត្ថកិច្ចដាក់ នៅតាមគោលដៅ ដោយបានបន្សល់ទុកអាវុធ AK-47 ២ដើម និងវត្ថុតាងមួយចំនួន។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងនគរបាលស្រុកអូរាំងឪ បានធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្នុងមូលដ្ឋាន តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំគងជ័យ ដូចសព្វមួយដង ស្រាប់តែពេលនោះ បានប្រទះឃើញជនសង្ស័យទាំង៣ ប្រុងធ្វើដំណើរឆ្លងកាត់ ប៉ុន្តែពួកគេនៅពេលឃើញសមត្ថកិច្ចយើង ក៏រត់គេចខ្លួន ដោយបន្សល់ទុកកាំភ្លើង និងវត្ថុតាងមួយចំនួនតែម្តង។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា «ពេលដែលកម្លាំងកំពុងត្រួតពិនិត្យស្រាប់តែប្រទះឃើញ រ៉ឺម៉កម៉ូតូមួយគ្រឿង ជិះគ្នា៣នាក់ ខណៈពេលនោះ សមត្ថកិច្ចមានការសង្ស័យក៏បានហៅត្រួតពិនិត្យ ស្រាប់តែជនសង្ស័យ៣នាក់នោះ រត់គេចខ្លូនចោលម៉ូតូបាត់ស្រមោល ក្រោយមកសមត្ថកិច្ចបានឆែកឆេរ រកឃើញ អាវុធAK47 ២ដើម បង់២ គ្រាប់៣២គ្រាប់ កន្ដ្រៃកាត់ដែក១ ដែលជនសង្ស័យបានច្រកក្នុងការ៉ុង»។ បច្ចប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ លើករណីមួយនេះ៕