(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញរបាយការណ៍របស់ Global Witness មួយឈ្មោះ «ការក្ដោបក្តាប់យកវិនិយោគនៅកម្ពុជា» ដោយចោទប្រកាន់ថា ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានក្រុមហ៊ុនធំៗនៅកម្ពុជាជាង១០០ក្រុមហ៊ុន និងចោទប្រកាន់សម្តេចថា បានបំពានលើតួនាទីក្នុងនាមជានាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យក្រុមគ្រួសារ មានការកាន់កាប់ការវិនិយោគនៅកម្ពុជា ដោយការចេញផ្សាយនេះមានការសហការគ្នាយ៉ាងល្អរវាង Global Witness, Cambodia Daily និង Phnom Penh Post។
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ កូនទាំងបីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, លោក ហ៊ុន ម៉ាណែត, លោកស្រី ហ៊ុន ម៉ាណា និងលោក ហ៊ុន ម៉ានិត បានចេញមុខព្រមៗគ្នា មកប្រតិកម្មដោយបានច្រានចោល របាយការណ៍របស់ Global Witness និងចោទប្រកាន់ថា ជារបាយការណ៍ពោរពញទៅដោយកំហុស និងព័ត៌មានមិនពិត ព្រមទាំងមានចេតនាបំផ្លាញ កេរ្តិ៍ឈ្មោះត្រកូលហ៊ុន។ ទោះបីយ៉ាងណា កូនស្រីសម្តេចតេជោ ក៏សម្តែងការអរគុណយ៉ាងខ្លាំងចំពោះរបាយការណ៍ Global Witness ដែលខិតខំស្រាវជ្រាវព័ត៌មាននេះ ហើយសូមឲ្យបន្តស្រាវជ្រាវបន្ថែមទៀត បើអង្គការមួយនេះគ្មានការងារធ្វើទេនោះ។
លោក ហ៊ុន ម៉ានិត បានបញ្ជាក់ឲ្យដឹងថា «នេះជាការវាយប្រហារលើគ្រួសារត្រកូលហ៊ុន ដែលជាការរៀបចំ និងកិច្ចសហការដ៏ល្អរវាង Global Witness, Cambodia Daily និង Phnom Penh Post ដោយស្តែងចេញពីគោលបំណងយ៉ាងច្បាស់។ ដូចសព្វដងព័ត៌មាននេះពោរពេញ ទៅដោយកំហុស និងព័ត៌មានមិនពិត ក្នុងគោលបំណងតែមួយគត់គឺបង្អាប់ និងបង្ខូចកិត្តិយសគ្រួសារត្រកូលហ៊ុន...»។
ចំណែកលោកស្រី ហ៊ុន ម៉ាណា បានលើកឡើងថា «នាងខ្ញុំសូមអរគុណចំពោះ Global Witness ដែលបានចំណាយពេលយ៉ាងច្រើន ដើម្បីស្រាវជ្រាវពីក្រុម គ្រួសារត្រកូលហ៊ុន។ នាងខ្ញុំបានដឹងយ៉ាងច្បាស់ថា ពួកអ្នកចង់បានអ្វីពីគ្រួសារយើងខ្ញុំ គឺឱ្យតែជិតដល់ពេលបោះឆ្នោតម្តងៗ ពួកអ្នកតែងតែធ្វើរឿងបែបនេះ ក្នុងគោលដៅបំផ្លាញឪពុករបស់នាងខ្ញុំ តែនាងខ្ញុំ និងគ្រួសារ គួរតែអរគុណដល់ អស់លោក លោកស្រីដែលបានជួយដល់ឪពុករបស់នាងខ្ញុំ ឱ្យឈ្នះឆ្នោត គ្រប់អាណត្តិ ព្រោះតែការភូតភរ ការប្រមាថរបស់លោកអ្នកធ្វើឱ្យអ្នកបោះឆ្នោត កាន់តែមានការទុកចិត្ត និងបោះឆ្នោតជូនឪពុកខ្ញុំថែមទៀត»។
ជាមួយគ្នានេះ លោកស្រី ក៏បានលើកឡើងផងដែរ អំពីការសែតភ្នំពេញប៉ុស្តិ៍ និង Cambodia Daily ដែលបានចេញផ្សាយព័ត៌មាននេះព្រមគ្នា។ លោកស្រីថា «នាងខ្ញុំក៏សូមកោតសសើរផងដែរដល់ ភ្នំពេញប៉ុស្តិ៍ និង Cambodia Daily ដែលបានចេញផ្សាយព័ត័មាននេះក្នុងពេល និងថ្ងៃតែមួយ ដែលបង្ហាញឱ្យឃើញថា មានកិច្ចសហការដ៏ល្អ រវាងសារព័ត៌មានទាំងពីរជាមួយ Global Witness ដើម្បីបំផ្លាញដល់កិត្តិយសគ្រួសារត្រកូលហ៊ុន សូមអស់លោក លោកស្រី បន្តកិច្ចការបែបនេះតទៅទៀតចុះ ប្រសិនគ្មានការងារធ្វើ)»។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ក៏បានបញ្ជាក់នឹងឆ្លើយតបវិញថា «ខ្ញុំនៅចាំបានថាប៉ុន្មានអណ្ណត្តិហើយ ឲ្យតែពេលជិតបោះឆ្នោត គឺជាពេលវេលាដែលអង្គការមួយឈ្មោះ Global Witness បង្កើតរឿងប្លែកៗ ឬប្រធានបទដដែលៗ ដើម្បីចោទប្រកាន់និងវាយប្រហារមកលើរាជរដ្ឋាភិបាល ជាពិសេសលើឪពុកខ្ញុំតែម្តង។ ហើយលើកនេះក៏មិនមានអ្វីថ្មីដែរ..គ្រាន់តែខុសត្រង់ថា តាមរយៈការផ្សាយរអត្ថបទតែមួយជួនគ្នា (បង្ហាញពីការសហការ គ្នាដ៏ល្អក្នុងរឿងនេះ) រវាង Phnom Penh Post និង Cambodia Daily លើកនេះ គឺមិនត្រឹមវ៉ៃតែឪពុករបស់ខ្ញុំនោះទេ គឺគេបានបង្កើតរឿងវ៉ៃទាំងគ្រួសារតែម្តង ពោលគឺមិនឲ្យរួចខ្លួនម្នាក់ណាឡើយ។ ចាំមើលចេញរឿងអ្វីទៀត?»
ជារួមកូនៗរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងប្រតិកម្មតាមរយៈ Fresh News នេះថា នេះជាសារដំបងរបស់កូនតេជោសែន ឆ្លើយតបនឹងរបាយការណ៍ព័ត៌មានមិនពិតរបស់ Global Witness និងបានបញ្ចាក់ថា បើឪពុកជានាគរាជ ប្រហែលជាកូនក៏នាគរាជដែរ តែមិនមែនពស់ព្រលិតនោះទេ។ តែទោះបីយ៉ាងណា កូនស្រីច្បងរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានចេញមុខមកសម្តែងការ អរគុណចំពោះ Global Witness ដែលបានចំណាយពេលយ៉ាងច្រើន ដើម្បីស្រាវជ្រាវពីក្រុមគ្រួសារត្រកូលហ៊ុន និងសូមបន្តស្រាវជ្រាវបន្ថែមទៀត បើគ្មានការងារធ្វើនោះទេ៕