(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតបារាំងប្រចាំកម្ពុជា នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានប្រារព្ធទិវាអន្តរជាតិ ហ្វ្រង់កូហ្វូនី ២០២៣ ក្រោមប្រធានបទ «៣២១ លាននៃអ្នកនិយាយភាសាបារាំង រាប់ពាន់លាននៃអត្ថន័យវប្បធម៍ (321 millions de francophones, des milliards de contenus culturels) » នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ពិធីនេះដែរបានធ្វេីឡេីងក្រោមអធិបតីភាពលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា រួមទាំងមានការចូលរួមពីលោក លោកស្រី តំណាងវិទ្យាស្ថាននិងគ្រឹះស្ថានប្រើប្រាស់ភាសាបារាំងមួយចំនួន នៅកម្ពុជា ព្រមទាំងសិស្សនិស្សិត ប្រមាណ ៤០០នាក់។
ថ្លែងនាឱកាសនោះលោកបណ្ឌិត ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ការប្រារព្ធពិធីរួមគ្នានេះដើម្បីរំលឹកដល់ទិវាអន្តរជាតិនៃឡាហ្វ្រង់កូហ្វូនី ហេីយព្រឹត្តិការណ៍នេះគឺជាចំណុចកំពូលនៃការងារសមូហភាពដ៏សន្ធឹកសន្ធាប់ដែលធ្វើឡើងដោយគណៈកម្មាធិការរៀបចំ និងដៃគូដែលនិយាយភាសាបារាំងទាំងអស់។
បេីតាមលោកបណ្ឌិត ហង់ ជួនណារ៉ុន បានឱ្យដឹងទៀតថា គម្រោង Francophone បានវិវត្តន៍ឥតឈប់ឈរចាប់តាំងពីការបង្កើតទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស (ACCT) ដែលក្នុងឆ្នាំ២០០៥ បានក្លាយជាអង្គការអន្តរជាតិដឺឡាហ្វ្រង់កូហ្វូនី (OIF)។ ប៉ុន្មានឆ្នាំមកនេះ អង្គការនេះបានរៀបចំរចនាសម្ព័ន្ធខ្លួនឯង ធ្វើទំនើបកម្មខ្លួនឯងបន្ត និងពង្រឹងសកម្មភាពនយោបាយ និងកិច្ចសហប្រតិបត្តិការបណ្តាញ និងដៃគូរបស់ខ្លួនជាច្រេីន ហេីយឥឡូវនេះវាបានក្លាយទៅជាពហុភាគីដ៏សំខាន់ និងជាគំរូនៃភាពចម្រុះផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ការរៀបចំឱ្យមានទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៣នេះឡើងបន្ទាប់ពីអាក់ខានអស់រយៈពេល ២ឆ្នាំ ដោយសារវិបត្តិកូវីដ១៩។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំសិក្សាភាសាបារាំង ដើម្បីពង្រឹងសមត្ថភាពបន្ថែមលើចំណេះ និងជំនាញដែលកំពុងសិក្សា និងបានលើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍនានាដែលប្រើប្រាស់ភាសាបារាំងបន្តចូលរួមអភិវឌ្ឍវិស័យអប់រំកម្ពុជាផងដែរ៕