(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) សម្តែងនូវក្តីរីករាយ និងមានសុទិដ្ឋិនិយមថា កម្ពុជានឹងទាក់ទាញបាននូវការវិនិយោគ កាន់តែខ្លាំងឡើងបន្ថែមទៀត ក្នុងឧស្សាហកម្មផលិតកាបូប បន្ទាប់ពីសហរដ្ឋអាមេរិក ផ្តល់ការអនុគ្រោះនាំចូលក្នុងអត្រាសូន្យភាគរយដល់កម្ពុជា ខណៈកម្ពុជា ជាប្រទេសជាប់លេខ៦ នៅលើពិភពលោកដែលផលិតកាបូប នាំចេញបានច្រើនជាងគេ។
ដំណើរការប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិកដល់កម្ពុជា ចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ តទៅ ដោយបញ្ជាក់យ៉ាងច្បាស់ថា ផលិតផលកាបូបគ្រប់ប្រភេទ ដែលផលិតនៅកម្ពុជា អាចនាំចូលអាមេរិក បានដោយមិនចាំបាច់បង់ពន្ធនោះទេ។
លោក វ៉ាន់ សូអៀង ប្រធាន GMAC បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការលើកលែងពន្ធចំពោះកាបូបដាក់សម្ភារៈ ធ្វើដំណើរផលិតនៅកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ថា កម្ពុជា ជាប្រទេសជាប់លេខ៦ ក្នុងពិភពលោក ដែលផលិតកាបូបសម្រាប់នាំចេញ ដោយលេខ១ គឺប្រទេសចិន ហើយបន្ទាប់មកទៀត មានប្រទេសឥណ្ឌា ហ្វីលីពីន ឥណ្ឌូនេស៊ី និងថៃ។ នៅឆ្នាំ២០១៥ កន្លងទៅកម្ពុជាបាននាំចេញផលិតផលកាបូប បានជាង៥០លានដុល្លារអាមេរិក។
លោក វ៉ាន់ សូអៀង បានថ្លែងទៀតថា បច្ចុប្បន្ននៅកម្ពុជារោងចក្រផលិតកាបូបចំនួន១៥រោងចក្រ ហើយបន្ទាប់ពីមានការអនុគ្រោះពន្ធនេះ រោងចក្រកាត់ដេរមួយចំនួន កំពុងចង់បង្វែរមកផលិតកាបូបផងដែរ។ ជាងនេះទៅទៀត លោកសង្ឃឹមជឿជាក់ថា តាមរយៈការអនុគ្រោះពន្ធនាំចេញទៅអាមេរិកនេះ កម្ពុជានឹងទាក់ទាញបាននូវអ្នកវិនិយោគធំពីចិន និងប្រទេសផ្សេងទៀត មកបើករោងចក្រ។
លោក វ៉ាន់ សូអៀង បានបញ្ជាក់ថា «ការអនុគ្រោះពន្ធនាំចូលទៅអាមេរិកនេះ ធ្វើឲ្យកម្ពុជាមានប្រៀបជាងប្រទេសចិន ឥណ្ឌា និងប្រទេសផ្សេងទៀត ដែលគ្មានការអនុគ្រោះពន្ធ។ ដូច្នេះវាជាឱកាសដ៏ល្អ របស់កម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀត មកវិនិយោគវិស័យនេះ»។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា ពីបច្ចុប្បន្នរហូតដល់២ឆ្នាំទៀត ប្រជាពលរដ្ឋកម្ពុជាជាង១សែននាក់ នឹងទទួលបានការងារធ្វើ ពីឧស្សាហកម្មផលិតកាបូប ដែលនឹងអាចចិញ្ចឹមបានប្រជាពលរដ្ឋ៥០ម៉ឺននាក់។ ជាងនេះទៅទៀត ការអនុគ្រោះពន្ធរបស់អាមេរិកនេះ នឹងជួយឲ្យពលរដ្ឋរបស់កម្ពុជា ទទួលបានការងារធ្វើកាន់ច្រើនឡើងថែមទៀត បន្ថែមលើការធ្វើពិពិតកម្ម នៃរោងចក្រវាយណភណ្ឌ ដែលមានសម្លៀកបំពាក់ និងស្បែកជើង។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា កាលមិនទាន់ទទួលអនុគ្រោះពន្ធនេះ ផលិតផលកាបូបរបស់កម្ពុជា ត្រូវបង់ពន្ធនូវអត្រាពី ៤.៥ភាគរយ ទៅ២០ភាគរយ តែនៅពេលនេះកម្ពុជា ទទួលបានអត្រាពន្ធសូន្យភាគរយ ដូច្នេះកម្ពុជានឹងមានសន្ទុះខ្លាំងឡើងថែមទៀត ដើម្បីប្រកួតប្រជែងជាមួយប្រទេសធំ។
សូមជម្រាបថា នៅក្រោមកម្មវិធី GSP ផលិតផលចំនួនប្រហែល ៥០០០មុខ មកពីប្រទេសកំពុងអភិវឌ្ឍន៍ចំនួន១២២ និងប្រទេសមានការអភិវឌ្ឍន៍តិចជាងគេចំនួន ៤៣ប្រទេស ទទួលបានការលើកលែងពន្ធ នៅពេលនាំចូលទៅកាន់សហរដ្ឋអាមេរិក ហើយក្នុងនោះទំនិញជាង១៥០០ មកពីប្រទេសកំពុងអភិវឌ្ឍន៍តិចតួច ដែលទទួលបានអត្ថប្រយោជន៍ ក៏នាំចេញទៅកម្ពុជា ដោយឥតបង់ពន្ធផងដែរ។ នៅក្នុងឆ្នាំ ២០១៥ ទំនិញនាំចូលទៅក្នុងសហរដ្ឋអាមេរិក ដោយគ្មានការបង់ពន្ធ នៅក្រោមកម្មវិធី GSP មានតំលៃសរុបចំនួន ១៧.៤ ពាន់លានដុល្លាអាមេរិក៕