(ភ្នំពេញ)៖ អាជ្ញាធរវៀតណាម នឹងបញ្ជូនពលរដ្ឋខ្មែរ២៩នាក់ ដែលចូលទៅសុំទាន និងលក់ឆ្នោតខុសច្បាប់ នៅប្រទេសវៀតណាមកន្លងមកនេះ ឱ្យត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃស្អែកនេះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងតាមសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី០៧ ខែកក្កដានេះថា ពលរដ្ឋខ្មែរ ចំនួន២៩នាក់នោះមនុស្សចាស់ ចំនួន០៩ នាក់ (បុរស០៣នាក់ និងស្រ្តី ០៦ នាក់) និងកុមារ ចំនួន ២០នាក់ (ប្រុស១០នាក់ និងស្រី១០នាក់)។ពលរដ្ឋខ្មែរទាំងនោះ ចំនួន១៩នាក់ រស់នៅស្រុកចន្ទ្រា ចំនួន០៩នាក់ រស់នៅស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង និងចំនួន០១នាក់ រស់នៅខេត្តត្បូងឃ្មុំ។
លោកបន្តថា ពលរដ្ឋខ្មែរទាំង២៩នាក់ នឹងបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅថ្ងៃស្អែក តាមច្រកព្រំដែនអន្តរជាតិ ម៉ុកបាយ-បាវិត ដើម្បីប្រគល់ជូនមន្ទីរសង្គមកិច្ចខេត្ត ស្វាយរៀង។
សូមបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០១៦ នេះ អាជ្ញាធរវៀតណាម និងស្ថានទូតខ្មែរ បានរៀបចំបញ្ជូនពលរដ្ឋខ្មែរដែលចូលទៅសុំទាន និងលក់ឆ្នោតខុសច្បាប់សរុបចំនួន១៣៨ នាក់ ពីប្រទេសវៀតណាម ត្រឡប់មកវិញផងដែរ៕