(ភ្នំពេញ)៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានដាក់ចេញទិសដៅអាទិភាព ក្នុងការបន្ដអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងចំណោមទិសដៅការងារសំខាន់ៗមួយចំនួនទៀត សំដៅធានាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខេត្តព្រៃវែង។

ការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រៃវែង»។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលទើបចូលកាន់តំណែងជាស្នងការនគរបាលខេត្តព្រៃវែងកន្លងទៅថ្មីៗនេះ បានអះអាងទៀតថា ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ដែលជាទិសដៅសំខាន់នោះ ពាក់ព័ន្ធការងារចរាចរណ៍, បញ្ហាគ្រឿងញៀន, ល្បែងស៉ីសងខុសច្បាប់ និងក្មេងទំនើង។

លោកស្នងការបានថ្លែងយ៉ាងដូច្នេះថា «ចំណុចនេះខ្ញុំនឹងខិតខំជាមួយសហការី គ្រប់មន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាល, អធិការដ្ឋាន និងការិយាល័យជំនាញ រួមជាមួយអាវុធហត្ថ នឹងរួមដៃគ្នាដើម្បីអនុវត្ដគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពនេះជាអាទិភាពខ្ពស់»

ដោយឡែក សម្រាប់លទ្ធផលដែលសម្រេចបាននាពេលកន្លងទៅនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌបង្ក្រាបបាន ជាង៣០០ករណី ស្មើ៩១ភាគរយ, បទល្មើសល្បែងស៉ីសង បង្ក្រាបបាន១១៦ករណី អនុវត្តច្បាប់២៧លើក និងអប់រំ ណែនាំ៨៩លើក, បទល្មើសគ្រឿងញៀន បង្ក្រាបបាន៥៩៦ករណី ឃាត់ខ្លួនមនុស្ស១,១៧៩នាក់ និងបទល្មើសសេដ្ឋកិច្ច បង្ក្រាបបាន៤៣ករណី។

ជារួមការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងដែនសមត្ថកិច្ចរបស់ខេត្តព្រៃវែង ត្រូវបានរក្សាការពារបានយ៉ាងល្អប្រសើរ។ ជាមួយនោះការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក៏ត្រូវបានពង្រីកនៅគ្រប់មូលដ្ឋាន សំដៅបង្កលក្ខណៈល្អ និងភាពសុខដុមរមនាដល់ការរស់នៅ និងការប្រកបមុខរបរក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ខេត្តក៏បានយកចិត្តទុកដាក់ក្នុងការចាត់វិធានការទប់ស្កាត់បណ្តាបទល្មើសនានា និងសកម្មភាពអសកម្មមួយចំនួន ក្នុងមូលដ្ឋាន ដោយធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយល្អប្រសើរ៕