(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានជួបពិភាក្សាជាមួយ លោកស្រី María del Carmen Moreno ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា និងលោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញា ស្តីពីការហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា_ISU-APMBC)។

ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ដោយមានការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្រ្តី, កម្ពុជានឹងត្រៀមធ្វើជាម្ចាស់ផ្ទះនៃ «សន្និសីទសកលស្តីពីជំនួយ ដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការ» លើកទី៣ ក្នុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល សហការជាមួយ ISU-APMBC និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងសកលរបស់សហភាពអឺរ៉ុប ត្រៀមនឹងចែករំលែកបទពិសោធន៍ ស្តីពីកិច្ចសង្រ្គោះ ជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងផ្សព្វផ្សាយពីគោលនយោបាយជាតិសម្រាប់កិច្ចគាំពារជនមានពិការភាព ជូនដល់គណៈប្រតិភូប្រមាណជាង ៤០ ប្រទេស ដែលនឹងអញ្ជើញចូលរួមក្នុងសិន្នសីទសកលនេះ។

សន្និសិទសកលលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបំពេញបន្ថែមលើលទ្ធផលទទួលបានពីសន្និសីទមុនៗចំនួនពីរ ដែលបានប្រព្រឹត្តិទៅនៅប្រទេសកូឡុំប៊ី និងហ្ស៊កដានី។ គម្រោងសកលរបស់សហភាពអឺរ៉ុប នឹងស្វែងរកការគាំទ្របន្ថែម ពីរដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមប្រាមមីនប្រឆាំងមនុស្ស ដើម្បីអនុវត្តកាតព្វកិច្ចសន្ធិសញ្ញាផ្សេងៗ រួមទាំងជំនួយជនរងគ្រោះផងដែរ។

គោលបំណងមួយនៃសន្និសីទសកល នឹងផ្តល់ធាតុចូលសម្រាប់ផែនការសកម្មភាពថ្មីក្រោមអនុសញ្ញា ដោយផ្តល់នូវវេទិកាសកលសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ និងអ្នករស់រានមានជីវិត ដើម្បីលើកឡើងអំពីបញ្ហា ពាក់ព័ន្ធនឹងជំនួយជនរងគ្រោះ។

ខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ នៃសន្និសីទសកល វានឹងដោះស្រាយបញ្ហាប្រឈមជាសកលដែលជួបប្រទះនៅក្នុងការអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គមា។ កម្ពុជានឹងយកចិត្តទុកដាក់ លើកិច្ចខិតខំប្រឹងប្រែងអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះរបស់ខ្លួនមួយចំនួន ដូចជាការដាក់បញ្ចូលជនមានពិការភាពក្នុងវិស័យកីឡា ជាដើម។

សន្និសិទសកល ត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំជនរងគ្រោះដោយសារគ្រាប់មីន និងអ្នករស់រានមានជីវិតប្រហែល ២០០នាក់ រួមទាំងកិច្ចសង្រ្គោះជនរងគ្រោះ និងអ្នកជំនាញផ្នែកពិការភាព/សិទ្ធិមនុស្ស សុខភាព ការងារ ការអភិវឌ្ឍ និងអ្នកអនុវត្តផ្សេងទៀតមកពី ៤៥ ប្រទេស ហើយយ៉ាងហោចណាស់មួយភាគបួននៃអ្នកចូលរួមនឹងមកពីប្រទេសកម្ពុជា រួមទាំងមកពីតំបន់ដែលរងផលប៉ះពាល់ដោយសារមីនផងដែរ។

សន្និសីទសកល នឹងមានករប្រារព្ធពិធីនៃភាពធន់នៃសហគមន៍អនុសញ្ញា និងការអំពាវនាវឲ្យមានសកម្មភាព និងការយកចិត្តទុកដាក់ចំពោះតម្រូវការរបស់ជនរងគ្រោះ ហើយកាតព្វកិច្ចដែលលើសពីការបោសសម្អាតមីនទាំងអស់ ដែលស្គាល់នៅក្រោមអនុសញ្ញា៕