(ភ្នំពេញ)៖ លោកស្រី ហ៊ុន ម៉ាណា កូនស្រីច្បងរបស់ សម្តេចតេជោ ហ៊ុន សែន បានរិះគន់របាយការណ៍ អង្គការ Global Witness ថា មានចេតនាបំផ្លាញ កេរ្តិ៍ឈ្មោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មុនពេលបោះឆ្នោត។ ប៉ុន្តែទោះជាយ៉ាង លោកស្រី បានអរគុណដល់ អង្គការនេះផងដែរ ដោយថារបាយការណ៍ដែលវាយប្រហារភូតភរ បែរជាធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ឈ្នះឆ្នោតទៅវិញ។
ប្រតិកម្មរបស់ កូនស្រីច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បានធ្វើឡើងបន្ទាប់ពីអង្គការ Global Witness បានចេញផ្សាយរបាយការណ៍មួយឈ្មោះ «ការក្ដោបក្តាប់យក វិនិយោគនៅកម្ពុជា» ដោយចោទប្រកាន់ថា ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានក្រុមហ៊ុនធំៗនៅកម្ពុជា ជាង១០០ក្រុមហ៊ុន និងចោទប្រកាន់សម្តេចថា បានបំពានលើតួនាទីក្នុងនាមជានាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យក្រុមគ្រួសារមានការកាន់កាប់ការវិនិយោគនៅកម្ពុជា។
នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ លោកស្រី ហ៊ុន ម៉ាណា បានលើកឡើងថា «នាងខ្ញុំសូមអរគុណចំពោះ Global Witness ដែលបានចំណាយពេលយ៉ាងច្រើន ដើម្បីស្រាវជ្រាវពីក្រុមគ្រួសារត្រកូលហ៊ុន។ នាងខ្ញុំបានដឹងយ៉ាងច្បាស់ថា ពួកអ្នកចង់បានអ្វីពីគ្រួសារយើងខ្ញុំ គឺឱ្យតែជិតដល់ពេលបោះឆ្នោតម្តងៗ ពួកអ្នកតែងតែធ្វើរឿងបែបនេះ ក្នុងគោលដៅបំផ្លាញឪពុករបស់នាងខ្ញុំ តែនាងខ្ញុំនិងគ្រួសារ គួរតែអរគុណដល់ អស់លោក លោកស្រីដែលបានជួយដល់ឳពុករបស់នាងខ្ញុំ ឱ្យឈ្នះឆ្នោតគ្រប់អាណត្តិព្រោះតែការភូតភរ ការប្រមាថរបស់លោកអ្នកធ្វើឱ្យអ្នកបោះឆ្នោត កាន់តែមានការទុកចិត្ត និង បោះឆ្នោតជូនឪពុកខ្ញុំថែមទៀត»។
ជាមួយគ្នានេះ លោកស្រី ក៏បានលើកឡើងផងដែរ អំពីការសែតភ្នំពេញប៉ុស្តិ៍ និង Cambodia Daily ដែលបានចេញផ្សាយព័ត៌មាននេះព្រមគ្នា។ លោកស្រីថា «នាងខ្ញុំក៏សូមកោតសសើរផងដែរដល់ ភ្នំពេញប៉ុស្តិ៍ និង Cambodia Daily ដែលបានចេញផ្សាយព័ត័មាននេះក្នុងពេល និងថ្ងៃតែមួយ ដែលបង្ហាញឱ្យឃើញថា មានកិច្ចសហការដ៏ល្អរវាងសារព័ត៌មានទាំងពីរជាមួយ Global Witness ដើម្បីបំផ្លាញដល់កិត្តិយសគ្រួសារត្រកូលហ៊ុន សូមអស់លោក លោកស្រី បន្តកិច្ចការបែបនេះតទៅទៀតចុះ ប្រសិនគ្មានការងារធ្វើ)»៕