(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) និង UNFPA បានរួមគ្នារៀបចំសិក្ខាសាលាតម្រង់ទិសស្តីពីភាពជាដៃគក្នុងការលើកកម្ពស់ការទទួលបានសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជក្នុងចំណោមកម្មករ កម្មការិនី រោងចក្រកាត់ដេរ។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពរបស់លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន នៅកន្លែងធ្វើការ នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដោយមានការឧបត្ថម្ភថវិកាពីមូលនិធិប្រជាជនជប៉ុន JTF តាមរយៈ IPPF។

លោក ហ៊ុយ ហានសុង បានគូសបញ្ជាក់ថា ការផ្តល់សេវាសុខភាពការងារជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ការ និងទប់ស្កាត់ហានិភ័យទាំងឡាយដែលកើតមានក្នុងអំឡុងពេលការងារ ដែលមានដូចជាគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ ទាមទារចាំបាច់ឱ្យមាននីតិវិធី ឬគោលការណ៍ណែនាំច្បាស់លាស់ក្នុងការអនុវត្ត និងពិនិត្យតាមដានជំងឺវិជ្ជាជីវៈ សំដៅរៀបចំប្រព័ន្ធធានារ៉ាប់រងហានិភ័យការងារប្រកបដោយគុណភាព។

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហ៊ុយ ហានសុង បានស្នើភាគីនិយោជកបង្កើនការអនុវត្តតាមគោលការណ៍ណែនាំស្តីពីការរៀបចំគិលានដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយរៀបចំឱ្យមានសេវា ដែលជាសេចក្តីត្រូវការរបស់កម្មករនិយោជិត នៅក្នុងគិលានដ្ឋានសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដើម្បីឆ្ពោះទៅរកការធានាបាននូវសុខភាព និងសុខុមាលភាពនៅកន្លែងធ្វើការ។

លោកស្រី សាផន សុមោលីរស្មី ជានាយិការងប្រតិបត្តិនៃអង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) បានឱ្យដឹងថា រ៉ាក់គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើកកម្ពស់សុខភាពផ្លូវភេទសុខភាពបន្តពូជ និងសិទ្ធិនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៦មកម្ល៉េះ។ អង្គការរ៉ាក់មានឆន្ទៈក្នុងការគាំទ្រប្រជាជនគ្រប់រូបនៅកម្ពុជាមានសិទ្ធិពេញលេញទាក់ទងនឹងរឿងផ្លូវភេទ និងទទួលបានសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។

លោកស្រីបានបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួនដែលរារាំងការទទួលបានព័ត៌មាន និងសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ ដែលមានដូចជាបរិបទនៃការប្រែប្រួលអាកាសធាតុ ការទទួលរងផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ និងក្រោយការរាតត្បាត ជំនឿ និងបទដ្ឋានអវិជ្ជមានសង្គមមួយចំនួនជាដើម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការលើកកម្ពស់សុខភាពនៅតែបន្តយ៉ាងសកម្ម ក្រោមបរិយាកាសអំណោយផលនៃគោលនយោបាយ និន្នាការ និងការគ្រប់គ្រងប្រកបដោយព្រហ្មវិហារធម៌នៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធពីភាគីពាក់ព័ន្ធជំរុញដល់ប្រទេសកម្ពុជា អាចសម្រេចទៅបានតាមការប្តេជ្ញាចិត្តឆ្លើយតបគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និងសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ ICPD លើកទី២៥៕