(ភ្នំពេញ)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានជំរុញឲ្យមន្ដ្រីពាក់ព័ន្ធទាំងអស់ របស់រដ្ឋបាលខេត្តព្រៃវែង បន្ដយកចិត្តទុកដាក់បន្ថែមទៀត លើការងារចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈបច្ចុប្បន្ននេះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២២ សម្រេចបានលទ្ធផល៨៥ភាគរយ។

ក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ លោក ជា សុមេធី បានឲ្យដឹងថា គិតចាប់ពីអនុវត្តការងារឆ្នាំ២០០៣ ដល់ឆ្នាំ២០២២ បានចេញប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន៦៦៩,៣៦៨ប័ណ្ណ មានគ្រួសារចំនួន២៤៧,៩១៤គ្រួសារ ស្មើនឹង៨៥ភាគរយ នៃគ្រួសារសរុប២៩២,៩៣៥ ដែលអនុវត្តរួចលើក្រុង/ស្រុក ចំនួន១៣ និងឃុំ/សង្កាត់ចំនួន១០០ ស្មើនឹង៨៧៤ភូមិ។

ដោយឡែក ក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២២) ត្រូវបានលោកអភិបាលខេត្តបញ្ជាក់ថា បានចេញប័ណ្ណរួចចំនួន១៧៥,៥៥៤ប័ណ្ណ មានគ្រួសារចំនួន៤៣,៨៨៩គ្រួសារ។

បន្ថែមពីនេះ លោក ជា សុមេធី ក៏បានបង្ហាញពីការយកចិត្តទុកដាក់លើការដោះស្រាយទំនាស់ដីធ្លី ការងារគ្រប់គ្រងសំណង់នានា សំដៅលើកកម្ពស់ការអនុវត្តច្បាប់ គោលការណ៍នគរូបនីយកម្ម ការលើកកម្ពស់សោភ័ណភាព និងរបៀបរៀបរយខេត្តឲ្យបានល្អប្រសើរផងដែរ៕