(សៀមរាប)៖ ភាគីសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានជួបពិភាក្សាការងារលើការវិនិយោគ និងធុរកិច្ចជាមួយភាគីកុងស៊ុលជប៉ុនប្រចាំនៅខេត្តសៀមរាប និងកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ក្នុងគោលបំណងបន្តការរួមចំណែកជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិ។

ជំនួបពិភាក្សានេះប្រព្រឹត្តទៅនៅសណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ លោក Kawaguchi Maski ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំនៅខេត្តសៀមរាប និងលោក Park Do Kwon ប្រធានការិយាល័យកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប។

ឧកញ៉ា ហ៊ុយ ភៀវ បានថ្លែងថា កិច្ចពិភាក្សាលើការងារវិនិយោគ និងធុរកិច្ចជាមួយស្ថានកុងស៊ុលជប៉ុន និងស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំការិយាល័យខេត្តសៀមរាបនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការជំរុញនូវការរីកចម្រើនសេដ្ឋកិច្ចជាតិនាអាណត្តិថ្មី និងដើម្បីសម្របសម្រួលអាជីវកម្មក្នុងវិស័យឯកជន ផ្សារភ្ជាប់រវាងអ្នកវិនិយោគគិន និងធុរកិច្ចនៃប្រទេសទាំង២ឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កលក្ខណធុរកិច្ចឱ្យកាន់តែល្អប្រសើរឡើង។

ក្នុងនាមស្ថានទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា និងសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោកកុងស៊ុលនៃប្រទេសទាំងពីរបានសន្យាបន្តខិតខំជំរុញ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកវិនិយោគ និងធុរកិច្ចពីប្រទេសរបស់ខ្លួនជាមួយសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យឱ្យបានជិតស្និទ្ធ និងភាពជាដៃគូ ក្នុងគោលបំណងចូលរួមចំណែកនៃការរីកចម្រើនសេដ្ឋកិច្ចជាតិជាមួយរដ្ឋាភិបាលកម្ពុជា៕