(ភ្នំពេញ)៖ កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ានិត បានច្រានចោលរបាយការណ៍របស់ Global Witness និងចោទប្រកាន់ថា ជារបាយការណ៍ពោរពញទៅដោយកំហុស និងព័ត៌មានមិនពិត ព្រមទាំងមានភាពបង្អាប់ និងបង្ខូចកិត្តិយសគ្រួសារត្រកូលហ៊ុន។
លោក ហ៊ុន ម៉ានិត បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook ឲ្យដឹងថា «នេះជាការវាយប្រហារលើគ្រួសារត្រកូលហ៊ុន ដែលជាការរៀបចំ និងកិច្ចសហការ ដ៏ល្អរវាង Global Witness, Cambodia Daily និង Phnom Penh Post ដោយស្តែងចេញពីគោលបំណងយ៉ាងច្បាស់។ ដូចសព្វដងព័ត៌មាននេះពោរពេញ ទៅដោយកំហុស និងព័ត៌មានមិនពិត ក្នុងគោលបំណងតែមួយគត់គឺបង្អាប់ និងបង្ខូចកិត្តិយសគ្រួសារត្រកូលហ៊ុន...»។
ការចេញប្រតិកម្មរបស់កូនប្រុសសម្តេចតេជោ ហ៊ុន សែន នៅពេលនេះ បានធ្វើឡើងបន្ទាប់ពីអង្គការ Global Witness បានចេញផ្សាយរបាយការណ៍មួយឈ្មោះ «ការក្ដោបក្តាប់យក វិនិយោគនៅកម្ពុជា» ដោយចោទប្រកាន់ថា ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានក្រុមហ៊ុនធំៗនៅកម្ពុជា ជាង១០០ក្រុមហ៊ុន និងចោទប្រកាន់សម្តេចថា បានបំពានលើតួនាទី ក្នុងនាមជានាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យក្រុមគ្រួសារមានការកាន់កាប់ ការវិនិយោគនៅកម្ពុជា។
ដោយឡែកនៅមុននេះបន្តិច មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានហៅរបាយការណ៍ របស់អង្គការ Global Witness ដែលផ្សព្វផ្សាយវាយប្រហារគ្រួសារសម្តេចតេជោ ហ៊ុន សែន នាពេលនេះថា ជារបាយការណ៍ពុំមានមូលដ្ឋានច្បាស់លាស់ ហើយគ្មានតម្លៃសម្រាប់ ប្រជាពលរដ្ឋកម្ពុជានោះទេ មានតម្លៃស្នើនឹងក្រដាសខ្ចប់ឥវ៉ាន់តែប៉ុណ្ណោះ និងបានហៅថា របាយការណ៍នេះជាខិតបណ្ណញុះញង់តែប៉ុណ្ណោះ៕