(ភ្នំពេញ)៖ សម្ដេចេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា យើងមិនអាចបន់ស្រន់ឱ្យសេដ្ឋកិច្ចថៃ វៀតណាម ឬសេដ្ឋកិច្ចចិន សហរដ្ឋអាមេរិកធ្លាក់ចុះនោះឡើយ ព្រោះវានឹងអាចជះឥទ្ធិពលមិនល្អមកលើសេដ្ឋកិច្ចកម្ពុជាដែរ ដោយហេតុថាប្រទេសនិងប្រទេសតែងតែធ្វើពាណិជ្ជកម្ម និងមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នា។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​នៃវិទ្យាស្ថាន​វ៉ាន់ដាសរុបជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក កម្ពុជាមិនបានទៅទប់ស្កាត់ការរីកចម្រើនរបស់ប្រទេសជិតខាង ឬប្រទេសដទៃទៀតនោះដែរ ពោលគឺមានតែសហការគ្នាបន្តការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យរីកលូតលាស់ទៅមុខទាំងអស់គ្នា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា គំនិតដែលចង់ឱ្យសេដ្ឋកិច្ចប្រទេសជិតខាងធ្លាក់ចុះ ហើយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាខ្លាំងវិញនោះ គឺជាការគណនាខុសស្រឡះ។

សម្ដេចតេជោថ្លែងទៀតថា «វាអាចជាការគណនាខុស ដែលត្រូវធ្វើឱ្យថៃខ្សោយ វៀតណាមខ្សោយ ទើបកម្ពុជាយើងខ្លាំង, គឺខុសស្រឡះ។ បើវៀតណាមខ្សោយ បានសេចក្ដីថាឥទ្ធិពលអតិផរណានៅក្នុងប្រទេសវៀតណាមនឹងជះមកលើកម្ពុជា»

សម្ដេចបានបន្តទៀតថា វៀតណាមមានប្រជាជនជិត១០០លាននាក់ ថៃមានប្រជាជនជាង៨០លាននាក់ ដូច្នេះប្រសិនបើវៀតណាម និងថៃមានបញ្ហាសេដ្ឋកិច្ចដោយប្រការណាមួយ នោះវានឹងជះឥទ្ធិពលមកលើពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជាដែរ។ ការរារាំងការរីកចម្រើនរបស់ថៃ និងវៀតណាម គឺមិនអាចទៅរួចនោះទេ។

លើសពីនេះ សម្ដេចក៏បានលើកឡើងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយប្រទេសចិន និងសហរដ្ឋអាមេរិកផងដែរថា កុំបន់ស្រន់ឱ្យសេដ្ឋកិច្ចចិន និងអាមេរិកធ្លាក់ចុះឱ្យសោះ ព្រោះកម្ពុជាក៏ទទួលផលពីការរីកលូតលាស់របស់ប្រទេសមហាអំណាចទាំង២នេះមិនតិចនោះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ប្រទេសទាំងឡាយមិនត្រូវប្រកួតប្រជែងដើម្បីសម្លាប់គ្នានោះឡើយ ផ្ទុយទៅវិញគឺត្រូវប្រកួតប្រជែងដើម្បីការរីកលូតលាស់ទាំងអស់គ្នា។ ការបន់ស្រន់ឱ្យសេដ្ឋកិច្ចប្រទេសណាមួយចុះថយ អាចបង្កគ្រោះថ្នាក់ដល់ប្រទេសខ្លួនឯងទៅវិញដែរ។

ជាមួយគ្នានោះ សម្ដេចតេជោក៏បានដាស់តឿនដល់និស្សិតដែលទទួលបានសញ្ញាបត្រ ហើយបន្តប្រកបអាជីវកម្ម-ការងារប្រចាំថ្ងៃថា កុំមានការប្រកួតប្រជែងបំផ្លាញគ្នា ផ្ទុយទៅវិញត្រូវប្រកួតប្រជែងដើម្បីការរីកលូតលាស់ទាំងអស់គ្នា ពិសេសត្រូវពង្រឹងគុណភាព បដិសណ្ឋារកិច្ច អនាម័យ និងតម្លៃសមរម្យសម្រាប់អតិថិជន ទើបជាការប្រកួតប្រជែងប្រកបដោយភាពសុចរិត។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «សម័យនេះគឺជាសម័យប្រកួតប្រជែងដើម្បីការលូតលាស់ទាំងអស់គ្នា ក្នុងនោះអាជីវកម្ម ប្រសិនបើយើងចង់ឱ្យអាជីវកម្មលក់ដាច់ យើងកុំទៅបំផ្លាញអាជីវកម្មអ្នកដទៃ គឺយើងត្រូវបង្កើនគុណភាពរបស់យើង»