(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវធ្វើសកម្មភាពអាជីវកម្មប្រកាន់ យកគោលការណ៍ប្រកួតប្រជែងដោយសីលធម៌ ត្រូវអួតពីផលិតផលរបស់ខ្លួន តែមិនត្រូវវាយប្រហារលើផលិតផលរបស់គេ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត​វិទ្យាស្ថាន​វ៉ាន់ដា សរុបជិត៥ពាន់នាក់ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់ម្ចាស់អាជីវកម្ម ត្រូវពង្រឹងគុណភាពផលិតផលរបស់ខ្លួន រួមជាមួយតម្លៃ ល្អជាងការបង្អាប់ផលិតផលរបស់អ្នកដទៃ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងកុំធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយ ត្រូវខិតខំធ្វើអ្នកខ្លាំង ក្នុងចំណោមអ្នកខ្លាំង ត្រូវខិតខំប្រកួតប្រជែងដើម្បីលូតលាស់ទាំងអស់គ្នា [...] បើសិនជាចង់ឲ្យអាជីវកម្មយើងដាច់ យើងកុំទៅបំផ្លាញអាជីវកម្មអ្នកដទៃ គឺយើងខិតខំបង្កើនគុណភាពរបស់យើង»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានលើកជាឧទាហរណ៍ថា ក្នុងករណីអ្នកលក់ចំណីអាហារ ត្រូវធ្វើឲ្យចំណីអាហាររបស់ខ្លួនផលិតត្រូវមានគុណភាព ម​ានអនាម័យ ទទួលទានឆ្ងាញ់ និងមានតម្លៃសមរម្យ ហើយម្ខាងទៀតត្រូវរត់ប្រណាំងអំពីគុណភាពដូចគ្នា ព្រោះអតិថិជនមិនអាចទៅទទួលទានកន្លែងណាដែលខ្វះអនាម័យនោះទេ។ មួយវិញទៀត សម្ដេចបានណែនាំមិនឲ្យប្រើប្រាស់ការដេញថ្លៃ ដោយទម្លាក់តម្លៃនោះ ប៉ុន្ដែបញ្ហាគុណភាព គឺជារឿងចម្បង។

ដោយឡែក សម្រាប់ក្របខ័ណ្ឌតំបន់ និងប្រទេសវិញ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អះអាងថា មិនបានធ្វើវិច្ឆេទកម្ម ទប់ស្កាត់ការរីកចម្រើនរបស់ប្រទេសណាមួយនោះទេ ជារឿងមិនអាចទៅរួចនោះទេ ខណៈប្រទេសនោះក៏ជាប្រជាជាតិមួយនោះដែរ។ ជាក់ស្ដែង មិនអាចធ្វើឲ្យវៀតណាមខ្សោយ ថៃខ្សោយ ហើយកម្ពុជាខ្លាំងនោះទេ ទាំងអស់នេះជាចំណុចខុសឆ្គង៕