(សេអ៊ូល)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics Co Ltd បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រាក់ចំណេញនៅក្នុងត្រីមាសទី២ កើនឡើងគួរឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់ បន្ទាប់ពីបានធ្លាក់ចុះអស់២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកក្កដា។
ក្រុមហ៊ុនផលិតស្មាតហ្វូន និងបន្ទះមេម៉ូរ៉ីឈីបធំជាងគេមួយនេះ បានឲ្យដឹងថា នៅចន្លោះខែមេសា-មិថុនា ខ្លួនទទួលបានប្រាក់ចំណេញ ៧ពាន់លានដុល្លារអាមេរិក ដែលលើសពីការរំពឹងទុក ដោយស្មើនឹង ១៧,៤ភាគរយ បើធៀបនឹងឆ្នាំមុន។
ក្រុមហ៊ុន Samsung បានឲ្យដឹងថា ប្រាក់ចំណូល និងចំណេញដែលកើនឡើងខ្លាំងនេះ បានមកពីការលក់ស្មាតហ្វូនម៉ូដែល Galaxy S7 ប៉ុន្តែមិនបានបញ្ជាក់បាន ទទួលបានប៉ុន្មានភាគរយនៃប្រាក់ចំណូលសរុបនោះទេ។
គួរបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការលក់ស្មាតហ្វូនហាក់របស់ Samsung ហាក់ដូចជាធ្លាក់ចុះបន្តិច ជាពិសេសគឺទីផ្សារប្រទេសចិន ដោយសារតែក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងស្រុកចេញលក់ស្មាតហ្វូនដែលមានតម្លៃទាបជាង ប៉ុន្តែគុណភាពប្រហាក់ប្រហែលគ្នា៕