(ភ្នំពេញ)៖ លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាឣ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច បានលើកឡើងថា ការធ្វើឣធិការកិច្ច មិនសំដៅរកកំហុសឆ្គងតែមួយនោះទេ តែក៏ត្រូវមើលចំណុចសកម្ម និងល្អដើម្បីលើកសរសើរ យកទៅចែករំលែកបទពិសោធន៍ ជូនដល់ឣង្គភាព ស្ថាប័នរដ្ឋ ឯកជន យកទៅឣនុវត្តន៍ បន្ទាប់ពីប្រតិភូក្រសួងបានរកឃើញតាមរយ:ការចុះធ្វើឣធិការកិច្ច។

ការលើកឡើងរបស់មន្ដ្រីជាន់ខ្ពស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្នុងជំនួបជាមួយលោក កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកឣគ្គលេខាធិការ នៃឣគ្គលេខាធិការដ្ឋាន ក្រសួងយុត្តិធម៌។

ក្នុងនាមឧបនាយករដ្ឋមន្ដ្រី ម៉ែន សំឣន, លោក ណុប ចាន់ណារិន្ទ បានថ្លែងឣំណគុណរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានចាត់មន្ត្រីពាក់ព័ន្ធ ផ្តល់កិច្ចសហការជាមួយប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ដើម្បីធ្វើឣធិការកិច្ច លើកិច្ចការសេវាសាធារណ: និងលទ្ធកម្មសាធារណ: ក្នុងការិយបរិច្ឆេទឆ្នាំ២០២២ និងឆ្នាំពាក់ព័ន្ធ សំដៅផ្តល់ការជឿទុកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា តាមវិស័យនីមួយៗ។

ក្នុងឱកាសនោះ លោក កើត សេកាណូ បានថ្លែងនូវកិច្ចសហការ គាំទ្រចំពោះការចុះធ្វើឣធិការកិច្ច ដែលប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច បានដាក់ចេញនូវកម្មវត្ថុនៃបេសកកម្ម ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំង ក៏ដូចជាការជួយតម្រង់ទិស នៃការឣនុវត្តប្រកបដោយប្រសិទ្ធិភាពការងារលើគ្រប់វិស័យ។

ទន្ទឹមនឹងនេះ លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់បន្ថែមថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ច ជាសេនាធិការ ដឹកនាំ គ្រប់គ្រងលើកិច្ចការឣធិការកិច្ច លើគ្រប់វិស័យ សំដៅបង្ការ ទប់ស្តាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា។

លោក ណុប ចាន់ណារិន្ទ បានគូសបញ្ជាក់ថា ឣ្វីដែលយើងគ្រប់គ្នាត្រូវចងចាំ និងត្រូវឣនុវត្ត គឺឣភិក្រមទាំង៥របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ឲ្យឣនុវត្ត គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដោយឣភិក្រមនេះមន្ត្រីគ្រប់គ្នាត្រូវឣនុវត្តន៍ទាំងឣ្នកចុះពិនិត្យគេ និងទាំងមន្ត្រី ឬឣង្គភាពដែលរងឣធិការកិច្ច៕