Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ច​ចុះរឹប​អូស​ស្រាបៀ Hoegaarden និង Leffe នៅហាង​មួយកន្លែង​ ក្នុង​ខណ្ឌដូនពេញ

07-07-2016 12:17

(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះឆែកឆេរនៅហាងលក់ភេសជ្ជៈ «៧ GOURMET» មានម្ចាស់ ជាជនជាតិបារាំង ស្ថិតតាមបណ្តោយផ្លូវប៉ាស្ទើរ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយរឹបអូសស្រាបៀរ Hoegaarden និង Leffe បានជាច្រើនដប បន្ទាប់ពីរកឃើញថា ហាងនេះបានលក់ផលិតផលស្រាបៀរទាំងពីប្រភេទនេះ ដោយពុំមានច្បាប់អនុញ្ញាត។

ការចុះចាប់ និងរឹបអូសស្រាបៀរទាំងពីរប្រភេទនេះ ធ្វើឡើងតាមបណ្តឹងរបស់ក្រុមហ៊ុន Auskhmer Import Export Co., Ltd. ដែល ជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយ ស្រាបៀរទាំងពីរប្រភេទនេះ នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Auskhmer Import Export ត្រូវបានក្រសួងពាណិជ្ជកម្មប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវប្រភេទស្រាបៀរ Hoengaarden និង Leffe កាលពីខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ។ លោក ខៀវ វ៉ាន តំណាងក្រុមហ៊ុន បានបញ្ជាក់ថា បន្ទាប់ពីទទួលបានសិទ្ធិចែកចាយ ក្រុមហ៊ុនបានធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីឲ្យអ្នកនាំចូលស្រាបៀរនេះបញ្ឈប់សកម្មភាព នាំចូលដោយខុសច្បាប់។

តំណាងក្រុមហ៊ុនរូបនេះ បានបន្តថា បើទោះបីជាមានការជូនដំណឹងយ៉ាងនេះក្តី ក៏នៅតែមានជនខិលខូច បានលួចនាំចូលស្រាបៀរទាំង ពីរប្រភេទមកចែកចាយ លើទីផ្សារកម្ពុជា ដោយពុំមានការអនុញ្ញាតពីក្រុមហ៊ុន Auskhmer ដែលជាអ្នកទទួលសិទ្ធិចែកចាយនោះឡើយ ។ បន្ទាប់ពីសង្កេតឃើញមានការបំពានបែបនេះ ទើបក្រុមហ៊ុនឈានដល់ចាត់វិធានការចុះរឹបអូសស្រាបៀរទាំងអស់នេះ នៅតាមហាងដែលដាក់តាំងលក់ស្រាបៀរទាំងពីរប្រភេទ ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន។

ប្រតិបត្តិការចុះរឹបអូសនាព្រឹកមិញ សមត្ថកិច្ច បានដកហូតស្រាបៀរ Hoegaarden បានចំនួន ៩០ដប និងស្រាបៀរ Leffe បានចំនួន ២៥៨ដប។ បន្ទាប់ពីចុះចាប់នៅហាង «៧ GOURMET» កម្លាំងសមត្ថកិច្ច រួមជាមួយម្ចាស់ក្រុមហ៊ុន បានបន្តដំណើរចុះទៅឆែកឆេរនៅ ទីតាំងក្រុមហ៊ុនមួយកន្លែងទៀតស្ថិតនៅក្បែរសណ្ឋាគារអ៉ីនធើខន ក្នុងខណ្ឌចំការមន៕