(ម៉ាកសី)៖ ជំនួបដ៏ជក់ចិត្តដិតអារម្មណ៍ រវាងក្រុមខ្លាំងឥន្រ្ទីដែកអាល្លឺម៉ង់ និងម្ចាស់ផ្ទះបារាំង ដើម្បីប្រជែងយកកៅអីឡើង ទៅវគ្គផ្តាច់ព្រ័ត្រ ជួបព័រទុយហ្គាល់ ក្នុងការប្រជែងយកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 លើកទី១៥ នេះ ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
សារព័ត៌មាន Sky Sports បានឲ្យដឹងថា នេះជាឱកាសចុងក្រោយសម្រាប់ឥន្រ្ទីដែកអាល្លឺម៉ង់ និងមាន់គកបារាំង ក្នុងពហុកីឡដ្ឋាន Stade Velodrome ស្ថិតក្នុងទីក្រុង Marseille នាម៉ោង ២រំលងអាធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) ដើម្បីបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួតលើកទី៥០ ក្នុង Euro 2016 នៅប្រទេសបារាំង ហើយក៏ជាឧបសគ្គដ៏ធំសម្រាប់អតីតម្ចាស់ជើងឯក Euro ២សម័យកាលបារាំងផងដែរ ដោយត្រូវប៉ះក្រុមម្ចាស់ពាន World Cup 2014 និង ធ្លាប់ឈ្នះពាន Euro បាន៣ដងច្រើនជាងគេទៀតនោះ។
ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយក្រុមខ្លាំងទាំងពីរធ្លាប់ឈ្នះ និងចាញ់គ្នា២ដងដូចគ្នា ដោយអាល្លឺម៉ង់ធ្លាប់យកឈ្នះ ២-១ និងលទ្ធផលបច្ចេកទេស ១-០ ដោយធ្លាប់ចាញ់២ដងដែរ ក្រោមលទ្ធផល ២-០ និង ២-១ ក្នុងចំណោមស្មើគ្នាម្តង ០-០ កាលពីឆ្នាំ២០០៥។
អាល្លឹម៉ង់ ជាក្រុមលេខ១ ចេញពីពូល C ដោយលេង៣ប្រកួត ឈ្នះអ៊ុយក្រែន ២-០ ស្មើ ០-០ ទល់នឹងប៉ូឡូញ និងបាន យកឈ្នះអៀរឡង់ខាងជើង ១-០ មុនមកទម្លាក់ស្លូវ៉ាគី ៣-០ ក្នុងវគ្គ១៦ក្រុម និងបន្តសងសឹកសត្រូវចាស់ដែលបានទម្លាក់គេ ២-១ កាលពី Euro 2012 អ៊ីតាលី ដោយបាល់ប៉េណាល់ទី ៦-៥ ក្រោយប្រកួតពេញម៉ោង និងថែម ១៥នាទី ២ដងស្មើគ្នា ១-១។ កីឡាករអាល្លឺម៉ង់ លេងបាល់វែងក៏ចេះ និងបាល់ខ្លីក៏ចេះ ដោយសារអំណោយកម្ពស់ និងមាឌធំ ស្ទើរតែគ្រប់កីឡាករ ហើយទម្រង់លេងមួយៗ មិនប្រញាប់ប្រញាល់ឡើយ ដោយកីឡាករភាគច្រើនរបស់គេ រើសចេញ តែពីក្នុងក្លឹបអាជីពក្នុងស្រុកប៉ុណ្ណោះគឹ Bayern Munich និង Borussia Dortmund និងមកពី Arsenal, Chelsea និង Juventus ម្នាក់ៗដូចគ្នាយ៉ាងច្រើនបំផុត។
សម្រាប់ម្ចាស់ផ្ទះមាន់គកបារាំងវិញ ប៉ះសុទ្ធតែក្រុមខ្សោយ ៥ប្រកួតនាពេលកន្លងមក ក្នុងនាមជាក្រុមឈរនៅលេខ១ ចេញពីពូល A ដោយលេងវគ្គជម្រុះ៣ប្រកួត ឈ្នះរ៉ូម៉ានី ២-១ ឈ្នះអាល់បានី ២-០ មុនមកស្មើ ០-០ ជាមួយស្វីសនៅថ្ងៃបិទបញ្ចប់ពូល ដើម្បីឡើងទៅទម្លាក់អៀរឡង់ខាងជើង ២-១ នៃវគ្គ១៦ក្រុម មុនបន្តបំបាក់អ៊ីស្លង់ ៥-២ ក្នុងវគ្គ៨ក្រុម ឡើងទៅជួបអាល្លឺម៉ង់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររាត្រីនេះ៕