(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា សរុបជិត៥ពាន់នាក់។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានឱ្យដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ សរុប ៤,៧០៥នាក់ នារី ៤,២២១នាក់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២១-២០២២ នៅទីតាំងគោលក្នុងរាជធានីភ្នំពេញ និងសាខាខេត្តសៀមរាប។ ក្នុងនោះ ក៏មាននិស្សិតបរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥០នាក់ នារី ៤២នាក់ផងដែរ។
លោកបណ្ឌិត ហេង វ៉ាន់ដា បានអះអាងថា និស្សិតដែលទទួលសញ្ញាបត្រនេះ អ្នកមានការងារធ្វើចំនួន ៤,៤២៥នាក់ ស្មើនឹង ៩៤.០៥ភាគរយ។
វិទ្យាស្ថាន វ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបច្ចុប្បន្ននេះ មានទីតាំងចំនួន ៣កន្លែង កំពុងដំណើរការ។ ក្នុងនោះ ១កន្លែងនៅរាជធានីភ្នំពេញ និង ២កន្លែងទៀតនៅ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
បើតាមលោក ហេង វ៉ាន់ដា បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ វិទ្យាស្ថាន វ៉ាន់ដា មាននិស្សិតកំពុងសិក្សា ចំនួន ១០,៨៧៦នាក់ នារី ៩,៨៣៥ នាក់។ បើគិតចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភីនេះផង សរុបចំនួន ៤៦,៨៨៦នាក់ នារី ៣៩,២៩៧នាក់។
លោក ហេង វ៉ាន់ដា បានឱ្យដឹងផងដែរថា ដើម្បីពង្រឹងនិរន្តរភាព ប្រសិទ្ធភាព និង ការផ្តល់សេវាអប់រំ ប្រកបដោយគុណភាព វិទ្យាស្ថានវ៉ាន់ដា បានអនុវត្ត និងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តពង្រឹង គុណភាពប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ ពង្រឹងវិន័យរបស់និស្សិត ក្នុងគោលបំណងអនុវត្តឱ្យបានល្អប្រសើរ ស្របតាមកម្រិតបទដ្ឋាននៃការបណ្តុះបណ្តាល និងទីផ្សារការងារបច្ចុប្បន្ន។
ក្រៅពីនេះ ជាមួយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ វិទ្យាស្ថានក៏បានរៀបចំ ពង្រីកទីតាំងបន្ថែមទៀត ពិសេស អគារសិក្សា បណ្ណាល័យ អ៊ិនធើណែត ដោយបំពាក់សម្ភារឧបទេស សិក្សាទំនើបៗ សម្រាប់អ្នកសិក្សាទូទៅ ដើម្បីពង្រីកការទំនាក់ទំនងឲ្យបានល្អ ជាមួយវិស័យអប់រំ និង ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើន ដូចជា ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ និង ស្ថាប័នពាក់ព័ន្ធ, សមាគមគណនេយ្យករ ចក្រភពអង់គ្លេស, សាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសថៃ និងប្រទេសចិនជាដើម។
លោក ហេង វ៉ាន់ដា ចាត់ទុកសមិទ្ធផលដែលវិទ្យាស្ថានទទួលបាននេះ បានមកពីការដឹកនាំប្រទេសជាតិ ប្រកបដោយបញ្ញាញាណឈ្លាសវៃ គតិបណ្ឌិត និង គុណធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន។
លោក ហេង វ៉ាន់ដា ព្រមទាំងក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់ នៃវិទ្យាស្ថានវ៉ាន់ដា សម្តែងនូវគារវកិច្ចគោរពគាំទ្រ និង ដឹងគុណដ៏ស្មោះស្ម័គ្រ បំផុតចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់គ្រប់ពេលវេលា និង គ្រប់ទីកន្លែង ចំពោះសុខទុក្ខរបស់ប្រជាជនកម្ពុជា ក្នុងទូទាំងប្រទេស។ ក្រៅពីនេះ កត្តាជាប្រវត្តិសាស្រ្តដ៏ថ្លៃថ្លាអស្ចារ្យមិនអាចកាត់ថ្លៃបាន ដែលប្រជាជន កម្ពុជាគោរពថ្លែងនូវការកោតសរសើរ និងដឹងគុណជាអនេកប្បការនោះ គឺការបញ្ចប់សង្រ្គាមស៊ីវិល នៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាពបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងបានធ្វើឱ្យប្រទេសកម្ពុជា មានកិត្យានុភាពល្បីល្បាញយ៉ាងរន្ទឺ នៅលើឆាកអន្តរជាតិ។ ម្លប់នៃសន្តិភាពនេះ បានផ្តល់ឱកាសគ្រប់គ្រាន់ឱ្យប្រជាជនរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុភមង្គល តាមរយៈការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ៕