(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យស្តេចយាងប្រោសប្រទានព្រះអគ្គីជ័យកីឡា។
ព្រះរាជពិធីប្រោសប្រទានព្រះអគ្គីជ័យកីឡា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក នៅមុខប្រាសាទអង្គរ ដែលជាប្រាង្គប្រាសាទដ៏ល្បាញល្បីរបស់កម្ពុជា។ ព្រះអគ្គីជ័យកីឡានេះ ត្រូវបានយកពីព្រះអាទិត្យតាមរយៈកែវឆ្លុះ ដោយមានរៀបចំពិធីតាមបែបសាសនា និងជាព្រះរាជបវេណីរបស់ខ្មែរនៅមុខប្រាសាទអង្គរតែម្តង។
ព្រះអគ្គីជ័យ ដែលដុតបញ្ឆេះគប់កីឡាសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជាជាលើកដំបូងនេះ ត្រូវបានតម្កល់នៅវត្តរាជបូណ៌។ នៅថ្ងៃទី២២ ខែមីនា ព្រះអគ្គីជ័យកីឡា នឹងដង្ហែទៅកាន់ប្រទេសសមាជិកកីឡាស៊ីហ្គេមរួមមាន៖ វៀតណាម ហ្វីលីពិន ឥណ្ឌូនេស៊ី ទីម័រឡេស្ត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងទៅប្រទេសឡាវ។ បន្ទាប់មកដង្ហែចូលកម្ពុជាវិញ តាមខេត្តស្ទឹងត្រែង និងឆ្ពោះទៅបណ្តាខេត្តនានា ហើយឆ្ពោះចូលទៅពហុកីឡដ្ឋានមរតកតេជោនាថ្ងៃបើកឆាកប្រកួត គឺថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣៕