(ភ្នំពេញ)៖ សិស្សសាលា អាយ ស៊ី អេស (ICS) ចំនួន៤រូប បានទទួលមេដាយមាស ២គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ ១គ្រឿងនៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត ប្រជែងថ្នាក់ជាតិ TOEFL Primary & Junior Challenge ២០១៥-២០១៦ ដែលរៀបចំឡើងដោយ IIG Education នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៅដើមខែកក្កដា ឆ្នាំ២០១៦ថ្មីៗនេះ។ ក្នុងការប្រកួតប្រជែងថ្នាក់ជាតិនេះ សាលា អាយ ស៊ី អេស ជាសាលាដែលមានសិស្សទទួលជយលាភីច្រើនជាងគេ ពិសេសក្នុងកម្រិត TOEFL Junior គឺសិស្ស សាលា អាយ ស៊ី អេស ទទួលបានជ័យលាភីទាំងអស់តាំងពីលេខ១ រហូតដល់លេខ៣ ។
សិស្សានុសិស្ស សាលា អាយ ស៊ី អេស ទាំង៤រូបនោះរួមមាន៖
១- កម្រិត TOEFL Primary Step១៖កុមារី សេង សុន្ទរ៍ណេរី ជាប់ជ័យលាភី ចំណាត់ថ្នាក់លេខ១ (អតីតជយលាភីមេដាយមាស ២ឆ្នាំជាប់ៗគ្នាក្នុងការប្រកួតប្រជែង ប្រកបភាសាអង់គ្លេសទូទាំងប្រទេសប្រចាំឆ្នាំ២០១៣ និងប្រចាំឆ្នាំ២០១៤ ដែលរៀបចំឡើងដោយ Singapore Club Cambodia និងក្រសួង អប់រំ យុវជន និងកីឡា)
២- កម្រិត TOEFL Junior៖ យុវជន ងួន ប្រណិតពិចិត្រាវន្ត ជាប់ជយលាភី ចំណាត់ថ្នាក់លេខ១ ,យុវត្តី ទិន សុខមុនី ជាប់ជយលាភី ចំណាត់ថ្នាក់លេខ២ ,យុវត្តី ស៊ុំ ឥន្ទ្រវតី ជាប់ជយលាភី ចំណាត់ថ្នាក់លេខ៣
នេះជាលើកទី២ ហើយក្នុងរយៈពេល២ឆ្នាំសិក្សាជាប់ៗគ្នា ដែលសិស្សសាលា អាយ ស៊ី អេស បានទទួលជយលាភីក្នុងការប្រកួត TOEFL Primary & Junior Challenge កាលពីលើកទី១នៅឆ្នាំសិក្សា ២០១៤- ២០១៥ យុវសិស្ស អ៊ឹង វណ្ណឌី ក៏បានឈ្នះជយលាភីជើងឯក មេដាយមាសកម្រិត TOEFL Junior ម្តងរួចមក ហើយ។
ការប្រកួតជ្រើសរើសជើងឯក TOEFL Primary & Junior Challenge ២០១៥-២០១៦នេះ មានការចូលរួមពីសិស្សានុសិស្ស ជាង១០០០នាក់ ដែលមកពីបណ្តាគ្រឹះ ស្ថានសិក្សាសាធារណៈ និងឯកជនផ្សេងៗ ដោយក្នុងនោះមានការប្រកួតចម្រុះ ជា៣ដំណាក់កាលអស់រយៈពេលជិត៦ខែ ។
សិស្សានុសិស្ស ដែលបានទទួលជ័យលាភីទាំង៤រូបនេះ គឺបានទទួលការបណ្តុះបណ្តាលតាមរយៈកម្មវិធីសិក្សា ដែលមានគុណភាពល្អ និងមានភាពច្បាស់លាស់ ពីសាលា អាយ ស៊ី អេស តាំងពីកម្រិតដំបូង ។ ដូច្នេះយុវសិស្សទាំង៤រូបនោះ ក៏ដូចជាសិស្សានុសិស្សសាលា អាយ ស៊ី អេស ទាំងអស់មានមូល ដ្ឋានគ្រឹះភាសា អង់គ្លេសយ៉ាងរឹងមាំ និងមានទំនុកចិត្តយ៉ាងខ្លាំងក្នុងការប្រកួតប្រជែងនានា ព្រមទាំងក្នុងការបន្តការសិក្សារបស់ខ្លួន ៕