(យាំងហ្គោន)៖ រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា (ភូមា) បាននិងកំពុងតែធ្វើការ ដើម្បីធានាសុវត្ថិភាពដល់ជនភៀសខ្លួន ១០៥,០០០នាក់ ដែលកំពុងជ្រកកោននៅក្នុងប្រទេសថៃ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ ដែលសកម្មភាពនេះ ត្រូវបានធ្វើឡើងក្រោយពីដំណើរទស្សនកិច្ចចំនួន ៣ថ្ងៃ របស់លោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ទៅកាន់ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៧ ខែកក្កដា។
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការស្ម័គ្រចិត្ត សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន ដែលបានរៀបចំរួមគ្នាដោយក្រសួងកិច្ចការព្រំដែន និងឧត្តមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានប្រារព្ធឡើងនៅទីក្រុងណៃពិដោ នៅថ្ងៃពុធម្សិលមិញនេះ ដើម្បីធានាសុវត្ថិភាពជនភៀសខ្លួន។
លោក Lt-Gen Ye Aung រដ្ឋមន្ត្រីក្រសួងកិច្ចការព្រំដែន បានឲ្យដឹងថា រដ្ឋាភិបាលបានធ្វើឱ្យការរៀបចំដើម្បីនាំយកជនភៀសខ្លួនមីយ៉ាន់ម៉ា ចាកចេញពីក្នុងជំរំនៅតាមព្រំដែនមីយ៉ាន់ម៉ា-ថៃ ចំនួន៩កន្លែង ឲ្យត្រឡប់មកវិញ។
លោករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ UNHCR ដើម្បីផ្ដល់នូវជំនួយដល់ជនភៀសខ្លួន ក្នុងនោះមានដូចជាការអប់រំ, សេវាសុខភាព, ទឹកស្អាត, ហេដ្ឋរចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕