(សេអ៊ូល)៖ ប្រទេសផ្ដាច់ការកូរ៉េខាងជើង បានបង្កើនការគំរាមប្រឆាំងជាថ្មីដល់សហរដ្ឋអាមេរិក និងគំរាមលុបចោលសន្និសីទរួមគ្នាស្ដីអំពីការបង្រួបបង្រួមគ្នា ជាមួយកូរ៉េខាងត្បូង ដែលនឹងត្រូវធ្វើឡើងនៅខែសីហាខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េខាងជើង KCNA ចេញផ្សាយនៅថ្ងៃទី០៧ ខែកក្កដា។
អ៉ីម៉េល និងទូរសារជាច្រើនសន្លឹក ត្រូវបានរដ្ឋាភិបាលព្យុងយ៉ាងផ្ញើទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយក្នុងនោះ មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គឹម ជុនអ៊ុន បានគំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិក ដែលបោះទីតាំងនៅក្បែរឧទ្វីបកូរ៉េ និងបានគំរាមលុបចោលសន្និសីទរួមគ្នាស្ដីអំពីការបង្រួបបង្រួមគ្នាជាមួយនឹងកូរ៉េខាងត្បូង។
កូរ៉េខាងជើង បានបញ្ជាក់នៅក្នុងសារថា សមយុទ្ធហ្វឹកហ្វឺនរួមគ្នាប្រឆាំងអាវុធនុយក្លេអ៊ែរ វាងសហរដ្ឋអាមេរិក និងជប៉ុន ដែលបានធ្វើឡើងនៅថ្ងៃអង្គារកន្លងទៅនេះ គឺ «ជាបទឧក្រិដ្ឋកម្ម»។ នៅក្នុងសមយុទ្ធនោះ ក៏មានការចូលរួមពីសំណាក់យន្តហោះទម្លាក់គ្រប់បែកកូរ៉េខាងត្បូង B-52 ផងដែរ។
រដ្ឋាភិបាលព្យុងយ៉ាង បានអះអាងថា សហរដ្ឋអាមេរិក គឺជាអ្នកបង្ក និងគំរាមកំហែងសង្គ្រាមអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េខ្លាំងជាងគេ ដូច្នេះហើយ គ្មានមូលហេតុអ្វីដែល កូរ៉េខាងជើង ត្រូវបញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែរនោះទេ៕