(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទការស៊ើបសួរ និងគ្រោងបើកសវនាការជំនុំជម្រះសំណុំរឿងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន ទៅក្រៅប្រទេស ពាក់ព័ន្ធបទល្មើសសមគំនិតក្នុងអំពើក្លែងបន្លំ និងប្រើប្រាស់ឯកសារសាធារណៈក្លែង រួចយកទៅបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ប៉ុន្តែសវនាការនៅថ្ងៃណានោះ តុលាការពុំទាន់កំណត់ទេ។
ជាមួយគ្នានេះ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ តុលាការក៏គ្រោងកាត់ទោសលោក សម រង្ស៊ី មួយករណីផ្សេងទៀត គឺបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្តឹងដោយលោក គី តិច មេធាវីតំណាងសម្តេចមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី៧ ខែកក្កដា នេះថា ចៅក្រមសើបសួរលោក កោ វណ្ឌី បានជូនដំណឹងពីការបិទការសើបសួរដល់ជនត្រូវចោទឈ្មោះ សម រង្សី ទៅលើសំណុំរឿងដែលបំបែកចេញពី សំណុំរឿងទាក់ទងនឹងជនជាប់ចោទ ហុង សុខហួរ។
លោក លី សុផាណា បន្ថែមថា សំណុំរឿងនេះបំបែកចេញពីសំណុំរឿង ដើមដែលចោទប្រកាន់ និងបញ្ជូនទៅជំនុំជម្រះលើជនជាប់ចោទឈ្មោះ ហុង សុខហួរ៕