(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ អញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សន្និបាតនេះត្រូវបានបើកដំណើរការ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ថ្លែងក្នុងពិធីបើក ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានពិនិត្យឃើញថា ក្រសួង-ស្ថាប័ន អង្គភាព ជាសមាជិកក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ បានយកចិត្តទុកដាក់អនុវត្តតាមដែនសមត្ថកិច្ចតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលគួរជាទីមោទនៈក្នុងការអនុវត្តទិសដៅការងារឆ្នាំ២០២២ និងការគោរពប្រតិបត្តិតាមការណែនាំរបស់ សម្តេចក្រឡាហោម ស ខេង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលទសន្និបាតការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២កន្លងទៅ។

ទោះបីជាមានការខិតខំយ៉ាងសកម្មដូចបានរៀបរាប់ខាងលើ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន សង្កេតឃើញមានបញ្ហាមួយចំនួនដូចជា ការរក្សាទុក និងការចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំដែលបានកើតឡើងថ្មីៗ គួរឲ្យបារម្ភ និងមានហានិភ័យខ្ពស់ចំពោះសង្គមជាតិយើង និងកំណើននៃការកែច្នៃគ្រឿងញៀនសំយោគ មានចំនួនច្រើនលើសលប់ ប្រៀបធៀបឆ្នាំ២០២១។

លទ្ធផលនៃការផ្សព្វផ្សាយអប់រំគ្រោះថ្នាក់ នៃគ្រឿងញៀនមិនទាន់ឆ្លើយតបនឹងសកម្មភាពរបស់យើងនៅគ្រប់ថ្នាក់។ ការចរាចរ ចែកចាយ ការប្រើប្រាស់គ្រឿងញៀនមិនមានការថយចុះ។ ការអនុវត្តច្បាប់ និងវិធានការរដ្ឋបាល មិនបានស្មើដៃគ្នា និងមិនបានយកចិត្តទុកដាក់ ចំពោះការអនុវត្តវិធានការរដ្ឋបាលគួបផ្សំគ្នា ជាមួយការអនុវត្តច្បាប់ ដើម្បីអប់រំទប់ស្កាត់លើមុខសញ្ញា និងទីកន្លែងដែលងាយកើតបទល្មើសគ្រឿងញៀន។

ដោយឡែក ការងារការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន យើងបានបន្តសកម្មភាពខិតខំ និងធ្វើឲ្យមានការវិវត្តប្រែប្រួលជាវិជ្ជមានយ៉ាងច្រើន តែទិន្នន័យអ្នកប្រើ និងអ្នកញៀនគ្រឿងញៀនដែលបានរកឃើញនៅពុំទាន់យកមកប្រើប្រាស់វាយតម្លៃបាន លើទិដ្ឋភាពខ្លះជាចាំបាច់ដោយសារចំនួនអ្នកញៀនគ្រឿងញៀន ដែលបានទទួលការព្យាបាល ចំនួនអ្នកដែលបានជាសះស្បើយ និងចំនួនអ្នកដែលធ្វើសមាហរណកម្មទៅតាមគ្រួសារ និងសហគមន៍វិញ មិនទាន់បានចងក្រងជាប្រព័ន្ធមួយឲ្យបានជាក់លាក់។

ដោយឡែកចំពោះយន្តការ នៃការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមី នៅពុំទាន់បានពង្រឹងឲ្យមានប្រសិទ្ធភាពដើម្បីឆ្លើយតបទៅនឹងស្ថានភាព នៃការរីកចម្រើនឧស្សាកម្មសេដ្ឋកិច្ចក្នុងប្រទេស និងពិភពលោក និងឧបាយកពួកឧក្រិដ្ឋជនជួញដូរផលិតគ្រឿងញៀននៅឡើយ។

ទាំងនេះ គ្រាន់តែជាចំណុចមួយចំនួនដែល លោកបានកត់សំគាល់នៅក្នុងសេចក្តីព្រាងរបាយការណ៍ ហើយលោកបានស្នើសុំលោក លោកស្រី ដែលជាប្រធាន ឬជាតំណាងក្រសួង-ស្ថាប័ន អង្គភាព ក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ពិនិត្យពិភាក្សា និងចូលរួមជាគំនិតយោបល់បន្ថែម ដើម្បីកំណត់បាននូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ក៏ដូចជាការសន្និដ្ឋាន និងបទពិសោធន៍ឲ្យមានភាពកាន់តែសុក្រឹត្យ និងអាចក្លាយជាមូលដ្ឋានរឹងមាំក្នុងការកំណត់ទិសដៅ មានលក្ខណៈគ្រប់ជ្រុងជ្រោយសមស្រប និងអាចអនុវត្តទៅបានរលូន និងមានប្រសិទ្ធភាពក្នុងឆ្នាំ២០២៣ និងបណ្តាឆ្នាំខាងមុខ។

ក្នុងឆ្នាំ២០២២នេះ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន មានដូចតទៅ៖

* បទល្មើសគ្រឿងញៀនសរុប បង្ក្រាបបាន ៦,៣៩០ ករណី ស្មើនឹង១០១.៣០% ប្រៀបធៀបនឹងឆ្នាំ២០២១ (៦,៣០៨ករណី) មានចំនួនច្រើនជាង ៨២ករណី កើនឡើង១.៣០%
ជនសង្ស័យសរុប ឃាត់ខ្លួន ១៥,០០២នាក់/ស្រី៩៥២នាក់ ស្មើនឹង១០៧.៣២% ប្រៀបធៀបនឹងឆ្នាំ២០២១ (១៣,៩៧៩ នាក់) មានចំនួនច្រើនជាង ១,០២៣នាក់ កើនឡើង ៧.៣២% ក្នុងនោះ មានជនសង្ស័យជាជនជាតិខ្មែរ ១៤,៦៨៣នាក់ (ស្រី៦៩១នាក់) និងជនបរទេស៣១៩នាក់(ស្រី៤៣នាក់) ស្មើនឹង១០ជនជាតិ។

* គ្រឿងញៀនសរុប ចាប់យកបានចំនួន ១៤តោន ៩១៩គីឡូក្រាម ៤៦៧.០៧ក្រាម ស្មើនឹង៣១៨.១៤% ប្រៀបធៀបនឹងឆ្នាំ២០២១ (៤តោន ៦៨៩គីឡូក្រាម ៦១១.៤៧ក្រាម) មានចំនួនច្រើនជាង ១០តោន ២២៩គីឡូគ្រាម និង៨៥៥.៦០ក្រាម កើនឡើងប្រមាណ ៣ដង, កញ្ឆាស្រស់ កាប់បំផ្លាញបានចំនួន ៤៨,០៣៧ដើម និងចាប់យកកញ្ឆាក្រៀម បាន
ចំនួន៦០គីឡូក្រាម ៣៧៤.៧៣ក្រាម, សារធាតុគីមីផ្សំ រឹបអូសបានចំនួន ៥០៤តោន ៥៧៧គីឡូក្រាម ស្មើនឹង៥៩៤,១៨% ប្រៀបធៀបនឹងឆ្នាំ២០២១ (មានចំនួន ៨៤តោន ៩២០គីឡូក្រាម) មានចំនួនច្រើនជាង ៤១៩តោន ៦៥៧គីឡូក្រាម កើនឡើង៤៩៤.១៨% ប្រមាណជា៥ដង។

គិតរួមទាំងការបង្ក្រាប និងរឹបអូសបានកាលចុងឆ្នាំ២០២១ កន្លងទៅ (ចំនួន ៨៤តោន ៩២០គីឡូក្រាម) មកដល់ដំណាច់ឆ្នាំ២០២២នេះ សារធាតុគីមីផ្សំដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញធ្វើការបង្ក្រាប និងរឹបអូសបានមានចំនួនរហូតដល់ទៅជិត ៦០០តោន៕