(ព្រះសីហនុ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្តបង្ហាញអំពីអត្តចរឹតរបស់អ្នកទេសចរ ដែលមកដល់ប្រទេសកម្ពុជា។ លោកថា ក្រៅពីដើរកម្សាន្ត នៅពេលដែលមកដល់ប្រទេសកម្ពុជា អ្នកទេសចរភាគច្រើនចង់ដកបទពិសោធន៍ និងបង្កើតជាអត្ថន័យដែលមិនអាចបំភ្លេចបាន។
បានលើកឡើងថា ក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ និងទេសចរណ៍បែបសហគមន៍ ជាគំរូមួយដ៏ល្អ និងអាចចាត់ទុកថាជាបដិវត្ត ក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ពីការផ្លាស់ប្តូរពីកសិករ មកជាមគ្គុទេសក៍ទេសចរណ៍ សំដៅបង្កើនប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគាត់។
ថ្លែងក្នុងវេទិកាទេសចរណ៍មេគង្គលើកទី៣៧ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងក្នុងសណ្ឋាគារសុខា ខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ លោករដ្ឋមន្រ្តី ថោង ខុន បានឱ្យដឹងថា យោងតាមការសិក្សានាពេលថ្មីៗនេះ បានរកឃើញថា គោលបំណងនៃអ្នកធ្វើដំណើរបច្ចុប្បន្ន គឺដើម្បីស្វែងរកនូវបទពិសោធន៍ពិត (authentic experience) មានន័យថា នៅពេលទេសចរទៅទស្សនាតំបន់ណាមួយ ពួកគេមិនត្រឹមគ្រាន់តែចង់សម្រាកលំហែរកាយប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ចង់ស្វែងរកបទពិសោធន៍ ប្រកបដោយអត្ថន័យ និងមិនអាចបំភ្លេចបាន ដែលភ្ជាប់ជីវិតរបស់ពួកគេទៅនឹងវប្បធម៌ ធម្មជាតិ និងអនុស្សាវរីយ៍ជាមួយប្រជាជន នៅតំបន់នោះផងដែរ។
លោកថា ទាំងនេះគឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍវិស័យទេសចរកម្ពុជា ទៅថ្ងៃអនាគត ហើយការនាំបទពិសោធន៍ទេសចរ ទៅជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាចជាឱកាសដ៏ល្អប្រសើរ ក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងថែរក្សាបាននូវរបៀបរបប ប្រពៃណីរបស់ពួកគាត់ផងដែរ។
ក្នុងឆ្នាំ២០១៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៤,៨លាននាក់ គឺកើនឡើងប្រមាណ៦.១ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ ហើយក្នុងឆ្នាំ២០១៥ វិស័យទេសចរណ៍កម្ពុជា បានរកប្រាក់ចំណូលបានចំនួន៣ពាន់លានដុល្លារអាមេរិក ដែលរួមចំណែក១៣ភាគរយ នៃផលទុនសរុប ហើយបានផ្តល់ការងារដោយផ្ទាល់ ដល់ប្រជាពលរដ្ឋជាង៦០ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់សិបម៉ឺននាក់ទៀត លើសពីនេះ តាមការទស្សទាយ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៧លាននាក់ ត្រឹមឆ្នាំ២០២០ និងអាចបង្កើតប្រាក់ចំណូល៥ពាន់លានដុល្លារសហរដ្ឋអាមេរិក៕