(ព្រះសីហនុ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ បានដឹកនាំបើកកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ប្រចាំត្រីមាសទី១ ដើមឆ្នាំ២០១៦ ព្រមទាំងបានលើកយកផែនការ ចំនួន ៥ចំណុចសំខាន់ៗ ដើម្បីពិភាក្សាជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នេះ។
ផែនការទាំង៥ចំណុចនោះ រួមមាន៖ ទី១.ការពង្រីកគុណភាពសេវាកម្មទេសចរណ៍ ក្នុងខេត្តព្រះសីហនុ, ទី២.ការគ្រប់គ្រង និងតំបន់អភិវឌ្ឍឆ្នេររបស់ខេត្តព្រះសីហនុ ជាឆ្នេរស្អាត និងបៃតង, ទី៣.ការជំរុញការបណ្ដុះបណ្ដាលដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ សំដៅធ្វើឱ្យខេត្តតំបន់ឆ្នេរមួយនេះ ជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងគុណភាព ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន, ទី៤.ការផ្សព្វផ្សាយពីយុទ្ធសាស្រ្តសិក្សា ទីផ្សារទេសចរណ៍ ដល់អ្នកទាក់ទងទេសចរ និងជំរុញការផ្សព្វផ្សាយសៀវភៅសស្ដីពី «China Ready for Tourism», និងទី៥.ការផ្សព្វផ្សាយការដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធអាជ្ញាប័ណ្ណទេសចរណ៍ តាមប្រព័ន្ធអនឡាញ និងការធ្វើប្រតិភូកម្មមណ្ឌលកម្សាន្ត មនុស្សពេញវ័យដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
សូមជម្រាបថា កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក ជាម ហ៊ឹម ប្រធានក្រុមប្រឹក្សាទេសចរណ៍ខេត្តព្រះសីហនុ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួម ពីអង្គភាព-មន្ទីរជំនាញពាក់ព័ន្ធផ្នែកឯកជននានា និងសិស្សានុសិស្សជាច្រើននាក់ទៀត។
នៅល្ងាចថ្ងៃដដែល កិច្ចប្រជុំត្រូវបានបញ្ចប់ និងបានសម្រេចនូវលទ្ធផលដោះស្រាយបញ្ហាជាច្រើន ដែលជាបញ្ហាប្រឈមសម្រាប់វិស័យទេសចរណ៍ ក្នុងខេត្តជាប់សមុទ្រមួយនេះ ហើយប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត ក៏មានការសប្បាយរីករាយជាខ្លាំង ព្រមទាំងបានស្វាគមន៍ ចំពោះលទ្ធផលដ៏ល្អប្រសើរ នៃកិច្ចប្រជុំខាងលើ ដែលបានជួយដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងពាក់ព័ន្ធវិស័យទេសចរណ៍៕