(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ដេញថ្លៃលក់ឈើ និង កូនឈើជិត ៩ពាន់ម៉ែត្រគូប ដែលរឹបអូសបានពីបទល្មើសនា ពេលកន្លងទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ នេះ បានឲ្យដឹងថា ឈើដែលដាក់ដេញថ្លៃលក់នេះ ស្ថិតនៅក្នុងខេត្តរតនគិរី ខេត្តក្រចេះ និងខេត្តត្បូង។ ក្រសួង បានឲ្យដឹងថា ឈើដែលដាក់ ឲ្យដេញថ្លៃទាំង៣ខេត្តនេះ មានចំនួនសរុប ៨,៩១០.៥៥៣ម៉ែត្រគូប ហើយតម្លៃមូលដ្ឋានមានចំនួនសរុបប្រមាណ ៦,៦៥៨,២១៩,៦២០ រៀល ស្មើនិង ១,៦៦៤,៥៥៤.៩០៥ដុល្លារអាមេរិក។
ក្រសួងបានបន្ថែមថា ពាក្យដេញថ្លៃនឹងចាប់ផ្តើមលក់ និងទទួលចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។ ពាក្យចូលរួម ដេញថ្លៃមានលក់នៅក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ។
ការដេញថ្លៃនឹងធ្វើឡើងជាបន្តបន្ទាប់នៅតាមសាលាខេត្តនីមួយៗ ចាប់ពីថ្ងៃទី២៦-២៨ ខែកកក្កដា ឆ្នាំ២០១៦នេះ វេលាម៉ោង ៩ព្រឹក៕