(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងសហការជាមួយអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) អនុវត្តផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ដើម្បីចូលរួមសម្រេចតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលណែនាំឱ្យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់យុវជនក្រីក្រ១លាន៥សែននាក់។

ក្នុងកិច្ចពិភាក្សាជាមួយគណៈគ្រប់គ្រងថ្មីនៃអង្គការ PSE នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងពីអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់យុវជនក្រីក្រចំនួន១លាន៥សែននាក់ ដើម្បីឱ្យមានជំនាញមួយយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន និងចូលធ្វើការនៅតាមរោងចក្រ សហគ្រាសនានា។

យោងតាមអនុសាសន៍ខាងលើនេះ លោករដ្ឋមន្ត្រីបានស្នើដល់អង្គការ PSE រង់ចាំសហការពីក្រសួងការងារ ដើម្បីទទួលយកផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់យុវជន ដែលស្របទៅនឹងបេសកម្ម ចក្ខុវិស័យរបស់ PSE ស្រាប់។

ឆ្លើយតបទៅនឹងសំណើរបស់លោករដ្ឋមន្ត្រីលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះដែរ លោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា នាយិកាអង្គការ PSE ពិតជារីករាយចូលរួមបំពេញតួនាទីឱ្យបានល្អក្នុងការបណ្តុះបណ្តាលទៅដល់យុវជនឱ្យសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កាជូនជាតិមាតុភូមិ។

លោកស្រីនាយិកាអង្គការ PSE បានជម្រាបជូនលោករដ្ឋមន្ត្រីថា អង្គការ PSE ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ដោយគ្រួសារ គ្រីសស្យង់ ម៉ារីហ្រ្វង់ ដេប៉ាលីយែរ។ បេសកម្មចម្បងរបស់អង្គការ PSE គឺដើម្បីជួយដល់កុមារ យុវជន និងគ្រួសារក្រីក្របំផុត ដោយផ្តោតសំខាន់លើការផ្តល់អាហារ ការព្យាបាល ការការពារ ការជួយសង្គ្រោះនិងថែទាំ ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការឧបត្ថម្ភដល់គ្រួសារក្នុងករណីបន្ទាន់។

លោកស្រីបន្តថា កុមារដែលបានជ្រើសរើសដោយអង្គការ PSE ត្រូវតែស្ថិតក្នុងតំបន់ទាំង៣របស់ PSE គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយផ្អែកតាមលក្ខខណ្ឌដែលបានកំណត់ ជាពិសេសគឺត្រូវតែតាំងទីលំនៅជាប្រចាំស្ថិតនៅក្នុងតំបន់គោលដៅយ៉ាងតិច១ឆ្នាំឡើង មានរបររើសអេតចាយនៅតំបន់គំនរសំរាម ឬតាមផ្លូវសាធារណៈ និងមានជីវភាពទីទ័លក្រ (ចំណូលក្រោមបន្ទាត់ភាពក្រីក្រ) ឬកុមារដែលទទួលរងក្នុងអំពើហិង្សាក្នុងគ្រួសារ កុមារទទួលរងការរំលោភបំពានសិទ្ធិ និងកម្លាំងពលកម្មនានា។ ភ្នាក់ងារសង្គមនៃអង្កេតការដើម្បីភាពញញឹមនៃកុមារបានធ្វើអង្កេតតាមដានលើជីវភាព រស់នៅរបស់គ្រួសារក្រីក្រ ដែលរស់នៅតំបន់ទាំងនេះដោយម៉ត់ចត់បំផុត។ រាល់ការសម្រេចជ្រើសរើស គ្រួសារណាមួយ PSE តែងតែមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានជានិច្ច។

លោក អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់អង្គការ PSE ទៅដល់កុមារ និងយុវជនក្រីក្រ ដែលនេះជាការរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រីលើកឡើងទៀតថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចរបស់កម្ពុជាមានការអភិវឌ្ឍយ៉ាងលឿន ការផ្គត់ផ្គង់ធនធានមនុស្សចូលទៅក្នុងទីផ្សារការងារមិនទាន់បានបំពេញតាមតម្រូវការ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជននៅឡើយទេ។ ម្យ៉ាងវិញទៀត កម្លាំងពលកម្មដែលបានចូលទៅក្នុងទីផ្សារការងារ ខ្លះក៏មិនមានជំនាញនៅឡើយ ដែលជាបញ្ហាត្រូវរួមគ្នាដោះស្រាយ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានបង្កើតនូវក្របខណ្ឌគោលនយោបាយជាតិជាច្រើន ដើម្បីគាំទ្រធ្វើយ៉ាងណាឱ្យសម្រេចបាននៃការអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យទទួលបានទាំងបរិមាណ គុណភាព និងប្រសិទ្ធភាពខ្ពស់៕