(អង់គ្លេស)៖ អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Tony Blair បានទម្លាក់ប្រទេសរបស់ខ្លួនក្នុងភាពអាម៉ាសជាខ្លាំង ទាក់ទិនការលូកដៃក្នុង សង្គ្រាមអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣ កន្លងទៅនេះ ដោយយោងតាមរបាយការណ៍ របស់លោក John Chilcot ប្រធានស៊ើបអង្កេតទាក់ទិននឹងតួនាទីរបស់ ចក្រភពអង់គ្លេសក្នុង សង្គ្រាមនៅអ៊ីរ៉ាក់។ របាយការណ៍នេះត្រូវបានចេញផ្សាយជាលើកដំបូង ចាប់តាំងពីសង្គ្រាមបានកើតឡើងតាំងពី១៣ឆ្នាំមុន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារ សារព័ត៌មាន CNN ចេញផ្សាយនៅល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក ប្ល៊ែរ បានប្រឈមមុខនឹងការរិះគន់ ទាក់ទិននឹងការប្តេជ្ញាក្នុងការគាំទ្រដល់អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក George W.Bush ក្នុងការឈ្លានពានប្រទេស អ៊ីរ៉ាក់ ដោយមិនខ្វល់ថា មានអ្វីកើតឡើង ឬក្នុងស្ថានភាពបែបណាក៏ដោយ។
* លោក តូនី ប្ល៊ែរ ជាភេរវរករដ៏អាក្រក់បំផុតសម្រាប់ពិភពលោក
អ្នកនាង Sarah O’Connor ជាប្អូនស្រីម្នាក់របស់ជនរងគ្រោះ បានលើកឡើងទាំងទឹកភ្នែកថា «ពិភពលោកមានភេរវករដ៏អាក្រក់ម្នាក់ ដែលយើងចាំបាច់ត្រូវស្គាល់ ហើយភេរវកររូបនោះគឺលោក តូនី ប្ល៊ែរ!»។
* តើលោក តូនី ប្ល៊ែរ មានប្រតិកម្មបែបណាចំពោះរបាយការណ៍ថ្កោលទោសនេះ?
បន្ទាប់ពីការបង្ហាញជាសាធារណៈអំពីរបាយការណ៍នេះ លោក តូនី ប្ល៊ែរ បានបង្ហាញភាពសោកស្តាយ និងទុក្ខកង្វល់ជាខ្លាំង ហើយបានប្រកាសទទួលខុសត្រូវទាំងស្រុង ចំពោះសេចក្តីសម្រេចចិត្តរបស់លោក ក្នុងការធ្វើសង្គ្រាមនៅអ៊ីរ៉ាក់ដោយគ្មានករណីលើកលែង ឬលក្ខខ័ណ្ឌអ្វីទាំងអស់។ នេះបើយោងតាមសេចក្តីរាយការណ៍ភ្លាមៗរបស់គេហទំព័រ Telegraph បន្ទាប់ពីសេចក្តីថ្លែងការណ៍ទទួលខុសត្រូវរបស់លោក។
លោកបានលើកឡើងថា «ខ្ញុំសូមបង្ហាញភាពសោកស្តាយជាខ្លាំង ប្រកបដោយក្តីទុក្ខកង្វល់ និងសូមអភ័យទោសចំពោះអ្នករាល់គ្នា សង្ឃឹមថា អ្នកនឹងយល់ ព្រមទាំងជឿជាក់លើខ្ញុំ»។ លោកបានបន្តថា លោកពិតជាសូមអភ័យទោសសម្រាប់អ្នកដែលបាត់បង់មនុស្សជាទីស្រឡាញ់ សូមទោសសម្រាប់អ្នកដែលចង់រស់ នៅក្នុងសេរីភាព តែបែរជាក្លាយជាជនរងគ្រោះដោយសារភេរវកម្មទៅវិញ។
លោក ប្ល៊ែរ ក៏បានសារភាពផងដែរថា ការលូកដៃក្នុងសង្គ្រាមនៅអ៊ីរ៉ាក់ គឺជាសេចក្តីសម្រេចចិត្តស្លាប់រស់មួយ ដែលមានភាពសំខាន់ ហើយតានតឹង និងលំបាកបំផុត សម្រាប់លោក។ លោកបានលើកឡើងថា មិនខ្វល់ថាមនុស្សយល់ស្រប ឬមិនយល់ស្របតាមសេចក្តីសម្រេចចិត្តរបស់លោកក្តី តែលោកនៅតែចាត់វិធានការណ៍ ដោយប្រើប្រាស់កម្លាំងយោធា ដើម្បីធ្វើសង្គ្រាមប្រឆាំងលោក សាដា ហ៊ូសេន ដោយមានភាពជឿជាក់លើបញ្ហានេះ និងដើម្បីប្រយោជន៍ប្រទេសជាតិ។
* ប្រវត្តិនៃសង្គ្រាមអ៊ីរ៉ាក់៖
សង្គ្រាមអ៊ីរ៉ាក់បានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៣កន្លងទៅនេះ ក្រោមការដឹកនាំរបស់សហរដ្ឋអាម៉េរិក និងប្រទេសសម្ព័ន្ធមិត្ត ជាពិសេសមានការគាំទ្រ យ៉ាងស៊ីជម្រៅពីសំណាក់ចក្រភពអង់គ្លេស។ ការឈ្លានពាននេះ បានទម្លាក់របបនយោបាយក្រោមការដឹកនាំរបស់លោក សាដាម ហ៊ូសេន ក្រោមលេសថា ដើម្បីផ្តួលរំលំរបបផ្តាច់ការ និងជំនួសវិញដោយលទ្ធិប្រជាធិបតេយ្យ។ លោក សាដាម ត្រូវបានចាប់ខ្លួនក្នុងអំឡុងប្រតិបត្តិការក្នុងខែធ្នូ ឆ្នាំ២០០៣កន្លងទៅនេះ ព្រមទាំងត្រូវបានប្រហារជីវិតដោយតុលាការយោធាក្នុងរយៈពេលបីឆ្នាំក្រោយមក។
ទោះបីជាសង្គ្រាមបានបញ្ចប់ទៅ តែជម្លោះនៅតែបន្តរហូតដល់ទសវត្សរ៍ក្រោយទៀត ដោយសារក្រុមបះបោរ បានរីកដុះដាលកាន់តែខ្លាំង ប្រឆាំងនឹងកងកម្លាំង និងរដ្ឋាភិបាលដែលទើបបង្កើតថ្មី ព្រមទាំងបង្កឲ្យមានក្រុមភេរវកររីកដុះដាលជាច្រើនក្នុងប្រទេស អ៊ីរ៉ាក់ ជាក់ស្តែងមានពួកឧទ្ទាម ISIS ជាដើម។
ប្រជាពលរដ្ឋអ៊ីរ៉ាក់ប្រមាណ១៥០ពាន់ ទៅ៦០០ពាន់នាក់ស្លាប់ក្នុងរយៈពេល៣ ទៅ៤ឆ្នាំដំបូង នៃជម្លោះ យោធាអង់គ្លេស១៧៩នាក់ក៏បានស្លាប់ ក្នុងសង្គ្រាមនេះផងដែរ។ ក្នុងឆ្នាំ២០១១ សហរដ្ឋអាម៉េរិកប្រកាសជាផ្លូវការពីដកទ័ពពីប្រទេស អ៊ីរ៉ាក់ ។
បើទោះបីជាយោធាអង់គ្លេសបានដកទ័ពអស់មួយភាគធំពីប្រទេស អ៊ីរ៉ាក់ក្នុងឆ្នាំ២០០៩ ហើយសង្គ្រាមក៏បានបញ្ចប់ទៅហើយក្តី ប៉ុន្តែប្រទេសនេះនៅតែបន្តស្ថិត ក្នុងភាពហ្វឹកវរ ដោយសារអំពើហិង្សានៅតែបន្តកើតមានរហូតដល់បច្ចុប្បន្ន។
* ទំនាក់ទំនងស៊ីជម្រៅរវាងប្ល៊ែរ និងប៊ូសក្នុងសង្គ្រាមអ៊ីរ៉ាក់៖
កាលពី១៣ឆ្នាំមុន គឺក្នុងពេលដែលការឈ្លានពានបានកើតឡើងក្នុងប្រទេស អ៊ីរ៉ាក់ លោក ប្ល៊ែរ ធ្លាប់បានលើកឡើងថា «ប្រសិនបើយើងមិនចាត់វិធានការ ឆ្លើយតបបញ្ហានៅអ៊ីរ៉ាក់ ដោយប្រើប្រាស់ភេរវករ ឬអាវុធក្នុងទ្រង់ទ្រាយធំទេនោះ គម្រោងការណ៍នេះ ក៏នឹងមិនបានសម្រេចឡើយ»។
លោកប្ល៊ែរ បានសង្កត់ធ្ងន់ក្នុងពេលថ្លែងទៅកាន់លោក ប៊ូស ក្នុងបញ្ហាសង្គ្រាមនៅអ៊ីរ៉ាក់ថា «ខ្ញុំនឹងឈរនៅជាមួយលោកជានិច្ច ទោះស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ»។
ក្នុងរបាយការណ៍របស់លោក Chilcot បានបង្ហាញពីកំណត់ហេតុឯកជន និងកិច្ចសន្ទនារវាងលោក ប្ល៊ែរ ជាមួយនឹងលោក ប៊ូស។ ក្នុងរបាយការណ៍បានបង្ហាញថា លោក ប្ល៊ែរ មានគម្រោងក្នុងការចាត់វិធានការណ៍ ដោយប្រើប្រាស់កម្លាំងយោធាក្នុងប្រទេស អ៊ីរ៉ាក់ តាំងពីរយៈពេលបីខែ បន្ទាប់ពីព្រឹត្តិការណ៍ភេរវកម្មនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ មិនតែប៉ុណ្ណោះ លោកបានប្តេជ្ញាក្នុងការជួយគាំទ្រលោក ប៊ូស ក្នុងសង្គ្រាមនេះ តាំងពីរយៈពេលប្រាំបីខែ មុនការឈ្លានពានកើតឡើង។
ក្នុងកំណត់ហេតុនេះ ក៏បានបង្ហាញពីការលើកឡើងរបស់លោក ប្ល៊ែរ ដែលបានបញ្ជាក់ថា ភាគីទាំងពីរចាំបាច់ត្រូវតែមានគម្រោងការដ៏ឆ្លាតវ័យដើម្បីទម្លាក់លោក សាដាម ពីអំណាច ព្រមទាំងបំភ័ន្តសាធារណៈជនតាមរយៈការឃោសនាផ្សេងៗ។ ក្នុងនោះក៏បានបង្ហាញផងដែរថា លោក ប្ល៊ែរ ចង់ប្រើប្រាស់សង្គ្រាម ដើម្បីបង្កើតរបៀបរៀបរយថ្មី នៅលើពិភពលោក។
ជាមួយនឹងរបាយការណ៍ដែលមានចំនួន២,៦លានពាក្យ ដែលត្រូវការពេល៧ឆ្នាំដើម្បីបញ្ចប់ ប្រធានស៊ើបអង្កេត John Chilcot បានលើកឡើងថា សេចក្តីសម្រេច របស់លោក តូនី ប្ល៊ែរ គឺជាការអន្តរាគមន៍ដ៏អាក្រក់ ដែលកំពុងតែផ្តល់លទ្ធផលអវិជ្ជមានដូចសព្វថ្ងៃនេះ។
* តើលោក Bush និងលោក Blair បានបន្សល់ទុកអ្វីខ្លះនៅពីក្រោយសង្គ្រាមនៅអ៊ីរ៉ាក់?
ការអន្តរាគមន៍ដោយកម្លាំងយោធាក្នុងប្រទេស អ៊ីរ៉ាក់ បានផ្តល់លទ្ធផលលើសពីការរំពឹងទុក ដោយក្រុមភេរវករ ដែលមានដូចជា ពួកឧទ្ទាម ISIS បានបង្កើត រដ្ឋផ្ទាល់ខ្លួន ហើយបច្ចុប្បន្នកំពុងតែសកម្មបំផុតនៅលើពិភពលោក រហូតដល់ក្រុមឧទ្ទាមអាល់កៃដា បានថ្កោលទោសជាខ្លាំងទៅលើភាពសាហាវយ៉ង់ខ្នង និងភាពជ្រុលនិយម របស់ពួកឧទ្ទាមថ្មីនេះ។ អ្វីដែលអតីតប្រធានាធិបតី ប៊ូស និងលោក ប្ល៊ែរ បានបន្សល់ទុកសម្រាប់ប្រទេស អ៊ីរ៉ាក់ គ្មានអ្វីក្រៅពីអំពើពុករលួយផុតលេខលំដាប់ពិភពលោក និងការអូសបន្លាយនូវអំពើហិង្សាផ្សេងៗ។
មនុស្សជាច្រើននៅតែចងចាំពីស្ថានភាពដ៏ល្អក្នុងសម័យមួយ ស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី សាដាម ហ៊ូសេន ដោយពេលនោះការបំផ្ទុះគ្រាប់បែក ដោយក្រុមភេរវករជារឿងដ៏កម្រ គ្មានទេការបាញ់ប្រហារ ប្រទេស អ៊ីរ៉ាក់ មិនត្រូវការកន្លែងសម្រាប់ត្រួតពិនិត្យសន្តិសុខច្រើន មនុស្សអាចធ្វើដំណើរស្ទើរគ្រប់កន្លែងទាំងនៅរដ្ឋធានីបាដាដ ឬក្នុងប្រទេស អ៊ីរ៉ាក់ទាំងមូល ដោយគ្មានភាពភ័យខ្លាច ត្រូវគេបាញ់ប្រហារ ចាប់ជម្រិត ឬអាករឡើយ។
បើទោះបីពេលនោះ មនុស្សគ្មានសេរីភាពក្នុងការបញ្ចេញមតិ គ្មានលទ្ធិប្រជាធិបតេយ្យ តែយ៉ាងហោចណាស់ ការដឹកនាំរបស់លោកមានច្បាប់ទម្លាប់ច្បាស់លាស់ ចំណែករបបផ្តាច់ការ ក៏ហាក់ដូចជា មិនមានភាពអាក្រក់ពេកនោះទេ។ ប្រជាពលរដ្ឋម្នាក់បានលើកឡើងថា វាប្រហែលជាប្រសើរ ប្រសិនបើលោក សាដាម អាចវិលត្រលប់ពីការស្លាប់ មកកាន់អំណាចដូចមុនវិញ។
សូមជម្រាបថា បើទោះបីសង្គ្រាមបានបញ្ចប់ទៅអស់រយៈពេល១៣ឆ្នាំមកហើយក្តី តែដោយសាររបាយការណ៍ថ្មីនេះ ធ្វើឲ្យពិភពលោកចាប់ផ្តើមចាប់អារម្មណ៍ ពីបញ្ហានេះសារជាថ្មី។ មិនតែប៉ុណ្ណោះមានក្រុមបាតុករប្រមាណជាង១០០នាក់ បានប្រមូលផ្តុំគ្នានៅក្រៅមជ្ឈមណ្ឌលធ្វើសន្និសិទ ដែលកំពុងផ្សាយដោយផ្ទាល់ ពីរបាយការណ៍នេះ។ ពួកគេបានស្រែកថា «លោក ប្ល៊ែរជាមនុស្សកុហក មនុស្សរាប់ពាន់នាក់បានស្លាប់ លោក ប្ល៊ែរជាឧក្រិដ្ឋជនសង្គ្រាម»!!!៕